ក្នុងចំណោមប្រព័ន្ធបញ្ចុះកម្តៅរបស់រថយន្ត ក្លាប៉េទឹក ជាផ្នែកមួយដ៏សំខាន់បំផុតដែលមិនអាចខ្វះបានឡើយ ដើម្បីឲ្យរថយន្តរក្សាសីតុណ្ហភាពប្រតិបត្តិការ និងបង្កើនអាយុកាលរបស់ម៉ាស៊ីន។
ក្លាប៉េ ជាគ្រឿងមេកានិចតូចមួយ មានទីតាំងជិតបូមទឹកដែលស្ថិតនៅលើក្បាលស៊ីឡាំង។ វាមានតួនាទីគ្រប់គ្រងសីតុណ្ហភាពក្នុងម៉ាស៊ីន តាមរយៈការគ្រប់គ្រងលំហូរទឹកស្អំចេញចូលរវាងធុងទឹក និងម៉ាស៊ីនរថយន្ត ដោយស្វ័យប្រវត្តិ។

នៅពេលម៉ាស៊ីនរថយន្តនៅកម្រិតត្រជាក់ ក្លាប៉េនឹងបិទ ដើម្បីឲ្យម៉ាស៊ីនឆាប់ក្តៅ ព្រោះតែមិនអាចឲ្យម៉ាស៊ីនដំណើរការនៅពេលត្រជាក់យូរពេកទេ ដោយអាចធ្វើឲ្យម៉ាស៊ីនឆាប់សឹករិចរិល។ ហើយពេលវាក្តៅដល់កម្រិតប្រតិបត្តិការ ឬយើងអាចមើលកុងទ័រកម្តៅ ដែលទ្រនិចឡើងដល់ពាក់កណ្តាល (ប្រហែលនៅចន្លោះ ៨៥ ទៅ ១០០អង្សារសេ) ក្លាប៉េនឹងបើកវិញ ដើម្បីឲ្យទឹករត់ហូរចូលទៅស្អំក្នុងម៉ាស៊ីន ក្នុងការរក្សាកម្តៅនេះ។
ដូច្នេះ បើរថយន្តគ្មានក្លាប៉េទឹកនេះទេ វានឹងធ្វើឲ្យប៉ះពាល់ដល់សម្ពាធ និងលំហូរទឹកស្អំ ដែលអាចបណ្តាលឲ្យសីតុណ្ហភាពឡើងកម្តៅ ប៉ះពាល់ធ្ងន់ធ្ងរដល់ម៉ាស៊ីន ប្រព័ន្ធបញ្ចេញផ្សែង រថយន្តស៊ីសាំងខ្លាំងជាងមុន និងអាចបំផ្លាញសំបុកឃ្មុំទៀតផង។

ជាមួយគ្នានេះ ប្រសិនបើក្លាប៉េគាំងខូច វានឹងលេចចេញរោគសញ្ញាមួយចំនួនឲ្យអ្នកបើកបរបានដឹង ដូចជា ម៉ាស៊ីនឡើងកម្តៅ, ចេញ Check ដែលស្កេនចេញកូត P0128, គាំងកុងទ័រកម្តៅ, និងមានការលេចជ្រាបទឹកស្អំដោយសារក្លាប៉េមិនអាចគ្រប់គ្រងសម្ពាធទឹកបានទៀតទេ៕



















