
ក្រុមហ៊ុន Deepal បានប្រកាសអំពីការបញ្ចប់ការកៀងគរទុនជុំទី៣ ក្នុងកម្រិតទឹកប្រាក់ ៦.១២២ ពាន់លានយ័ន ឬស្មើនិងប្រមាណ ៨៧៤ លានដុល្លារ ដោយបញ្ជាក់ថា ថវិកានេះនឹងជួយពន្លឿនការអភិវឌ្ឍរថយន្ដរបស់ខ្លួនឲ្យកាន់តែលឿនជាងមុន។
តាមរយៈការកៀងគរទុនចុងក្រោយនេះ Deepal បានស្វាគមន៍ម្ចាស់ភាគហ៊ុនថ្មីចំនួនពីរគឺ៖ ក្រុមហ៊ុនរដ្ឋ Yufu Holding Group ដែលមានមូលដ្ឋាននៅទីក្រុង Chongqing និងក្រុមហ៊ុន CMB Financial Asset Investment ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ China Merchants Bank
បន្ទាប់ពីការកៀងគរទុននេះ ក្រុមហ៊ុន Changan នៅតែរក្សាការកាន់កាប់ភាគហ៊ុនចំនួន ៥០.៩៩៥៩ ភាគរយ នៅក្នុងក្រុមហ៊ុន Deepal ខណៈដែលក្រុមហ៊ុន Yufu កាន់កាប់ ១២.០៩៣៤ ភាគរយ និង CMB Financial កាន់កាប់ ២.៤១៨៧ ភាគរយ។ ចំណែកឯម្ចាស់ភាគហ៊ុនចាស់ៗមួយចំនួនទៀត ឃើញថាចំណែកភាគហ៊ុនរបស់ពួកគេមានការថយចុះបន្តិចបន្តួច។
ជាមួយទុនវិនិយោគក្នុងទំហំទឹកប្រាក់ ៨៧៤ លានដុល្លារ ក្រុមហ៊ុន Deepal សម្រេចអភិវឌ្ឍលើចំណុច៣ធំៗរួមមាន៖
ចំណុចទី១. ការស្រាវជ្រាវ និងអភិវឌ្ឍន៍ម៉ូឌែលថ្មី (New Vehicle R&D)
Deepal មានគោលដៅមហិច្ឆតាក្នុងការបញ្ចេញរថយន្តម៉ូដែលថ្មីៗជាបន្តបន្ទាប់៖
- បញ្ចេញរថយន្ត ៣០ ម៉ូឌែលថ្មី៖ ត្រឹមឆ្នាំ ២០៣០ ក្រុមហ៊ុនគ្រោងនឹងមានផលិតផលសរុបដល់ទៅ ៣០ ម៉ូដែល ដើម្បីគ្របដណ្តប់គ្រប់តម្រូវការអតិថិជន។
- យុទ្ធសាស្ត្របញ្ចេញផលិតផលយ៉ាងឆាប់រហ័ស៖ ក្រុមហ៊ុនមានគម្រោងបញ្ចេញផលិតផលថ្មី ឬការអាប់ដេតថ្មីៗរៀងរាល់ ២ សប្តាហ៍ម្តង ក្នុងអំឡុងពេលខ្លះ ដើម្បីបង្កើនភាពប្រកួតប្រជែង។
- ម៉ូឌែលសកល៖ ការអភិវឌ្ឍរថយន្តដែលរចនាឡើងសម្រាប់លក់នៅទូទាំងពិភពលោក (Global Models) ដូចជាស៊េរី S05, S07 និង L07។
ចំណុចទី២. ការច្នៃប្រឌិតបច្ចេកវិទ្យាឆ្លាតវៃ និងអគ្គិសនី (Intelligent & Electrification Innovation)
ថវិកានេះនឹងត្រូវវិនិយោគលើបច្ចេកវិទ្យាស្នូលដើម្បីនាំមុខគេក្នុងទីផ្សារ៖
- ប្រព័ន្ធបើកបរអគ្គិសនីដែលមានប្រសិទ្ធភាពបំផុត៖ Deepal គ្រោងនឹងបង្ហាញប្រព័ន្ធ Electric Drive ដែលមានការរួមបញ្ចូលគ្នាខ្ពស់បំផុត និងមានប្រសិទ្ធភាពបំផុតក្នុងលោកនៅឆ្នាំ ២០២៦។
- បច្ចេកវិទ្យាអាគុយមានសុវត្ថិភាពខ្ពស់៖ ការអភិវឌ្ឍអាគុយជំនាន់ថ្មី ដែលអាចធានាសុវត្ថិភាព (មិនឆេះ) ទោះបីជាមានការបុកទង្គិចក្នុងល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង ក៏ដោយ។
- បច្ចេកវិទ្យាបញ្ជាឆ្លាតវៃ (Intelligent Driving): ការបំពាក់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ (L2+) និងបន្ទះឈីបកម្រិត 3nm ទៅលើគ្រប់ម៉ូដែលរថយន្តរបស់ខ្លួន។
៣. ការពង្រីកខ្លួនទៅកាន់ទីផ្សារពិភពលោក (Global Brand Enhancement)
Deepal កំពុងប្រែក្លាយខ្លួនពីក្រុមហ៊ុនក្នុងស្រុក ទៅជាម៉ាករថយន្តកម្រិតពិភពលោក៖
- គោលដៅលក់ ២ លានគ្រឿង៖ នៅត្រឹមឆ្នាំ ២០៣០ Deepal ចង់សម្រេចឱ្យបាននូវការលក់ ២ លានគ្រឿងក្នុងមួយឆ្នាំ ដែលក្នុងនោះ ៣៥% គឺជាការលក់នៅក្រៅប្រទេសចិន។
- ការពង្រីកទីផ្សារ៖ បច្ចុប្បន្ន Deepal បានចូលទៅដល់ជិត ១០០ ប្រទេសហើយ និងកំពុងពង្រីកខ្លួនខ្លាំងនៅអឺរ៉ុប (ដូចជា អ៊ីតាលី និងអេស្ប៉ាញ), អាស៊ីអាគ្នេយ៍ (រោងចក្រនៅថៃ), មជ្ឈិមបូព៌ា និងអាហ្វ្រិក។
- ការបង្កើតបណ្តាញចែកចាយ៖ គ្រោងបង្កើតឱ្យមានភ្នាក់ងារចែកចាយ (Dealers) ជាង ១,០០០ កន្លែងនៅទូទាំងពិភពលោកត្រឹមឆ្នាំ ២០៣០។
សរុបមកថវិកាវិនិយោគនេះគឺជា “គ្រាប់រំសេវ” ដ៏សំខាន់សម្រាប់ Deepal ក្នុងការប្រកួតប្រជែងជាមួយគូប្រជែងធំៗដូចជា Tesla និង BYD តាមរយៈការបញ្ចេញឡានថ្មីៗកាន់តែច្រើន និងបច្ចេកវិទ្យាទំនើបជាងមុន៕























