របាយការណ៍ថ្មី៖ ការកែច្នៃអាគុយឡានអគ្គិសនីនៅចិនមានសន្ទុះលឿន ខណៈតម្លៃទីផ្សារហក់ឡើងដល់ ៧៨ពាន់លានដុល្លារ

ឧស្សាហកម្មកែច្នៃអាគុយរបស់ចិនកំពុងមានសកម្មភាពកើនឡើង ស្របពេលជាមួយនឹងការត្រួតពិនិត្យកាន់តែតឹងរ៉ឹង ជាពិសេសការកើនឡើងនៃចំនួនអាគុយរថយន្តអគ្គិសនីដែលអស់អាយុកាលប្រើប្រាស់។

យោងតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្ម Qianzhan បានឱ្យដឹងថា ទីផ្សារកែច្នៃអាគុយរបស់ចិនបានឈានដល់ ៥៥៨ពាន់លានយ័ន (ប្រហែល ៧៨ ពាន់លានដុល្លារ)។ ហើយចំណូលពីការលក់វត្ថុធាតុដើមកែច្នៃរបស់អាគុយ បង្កើតចំណូលបាន ៦៤៧ពាន់លានយ័ន (ប្រហែល ៩០ពាន់លានដុល្លារ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះវិធីសាស្ត្រកែច្នៃត្រូវបានបែងចែកជា ២ផ្នែកគឹការប្រើប្រាស់បន្ត (Cascade utilization) ដែលយកអាគុយចាស់ទៅប្រើប្រាស់ក្នុងគោលបំណង ឬវិស័យផ្សេងទៀត និងវិធីមួយទៀតការកែច្នៃយកវត្ថុធាតុដើម (Material recycling) ដូចជាលោហធាតុ និងវត្ថុធាតុផ្សេងៗពីអាគុយមកកែច្នៃប្រើប្រាស់ឡើងវិញ។

គិតត្រឹមឆ្នាំ២០២៤ មានក្រុមហ៊ុនចំនួន ១៥៦ ដែលទទួលបានអាជ្ញាប័ណ្ណសម្រាប់កែច្នៃអាគុយលីចូម-អ៊ីយ៉ុង (Lithium-ion) ជាមួយនឹងសមត្ថភាពកែច្នៃសរុប ៤២៣,៣ លានតោនក្នុងមួយឆ្នាំ។ សម្រាប់អាគុយដែលប្រើសំណ (Lead-acid) មានចំនួន ៧១ក្រុមហ៊ុនដែលមានសមត្ថភាពកែច្នៃ ១,៤៧ ពាន់លានតោន។

ផ្អែកលើសមត្ថភាពកែច្នៃដែលបានប្រកាសក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន Bangpu Recycling និង CATL បានគ្រប់គ្រងប្រហែល ៦,៤ភាគរយ នៃសមត្ថភាពកែច្នៃអាគុយលីចូមសរុប។ ខណ:ក្រុមហ៊ុន GEM ស្ថិតក្នុងលំដាប់បន្ទាប់ជាមួយនឹងចំណែកប្រហែល ៥,៩ភាគរយ ហើយក្រុមហ៊ុន Ganfeng Lithium និង Xien Recycling មានប្រហែល ៤,៧ភាគរយ។

ក្នុងនោះ តម្លៃទីផ្សារកែច្នៃអាគុយត្រូវបានគេរំពឹងថានឹងកើនឡើងលើសពី ១៣៩ពាន់លានដុល្លារ ហើយក្នុងរយ:ពេលដូចគ្នានោះការលក់វត្ថុធាតុដើមកែច្នៃរក៏ត្រូវបានព្យាករណ៍ថានឹងលើសពី ២៧៨ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០៣០ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម