ក្រុមហ៊ុនរថយន្តចិន Chery គ្រោងសង់រោងចក្រធំជាងគេបំផុតនៅអាស៊ាន

ក្រុមហ៊ុនរថយន្ត Chery នៃប្រទេសចិន មានគម្រោងសាងសង់​រោងចក្រ​ផលិតធំជាងគេបំផុតក្នុងតំបន់អាស៊ាន ដែលមានទីតាំងនៅភាគខាងជើងប្រទេសវៀតណាម គ្រោងប្រតិបត្តិការនៅពាក់កណ្តាលឆ្នាំ២០២៦។

គម្រោងនេះ នឹងបង្កើតឡើងជាមួយទុនវិនិយោគ ៨០០លានដុល្លារ មានគោលដៅបង្កើតជង្រុកនៃរថយន្តចង្កូតឆ្វេង និងគាំទ្រ​ការពង្រីកការនាំចេញនាពេលអនាគត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការផលិតរថយន្តនៅរោងចក្រនេះ នឹងធ្វើឡើងតាមដំណាក់កាលនីមួយៗ ក្នុងនោះដំណាក់កាលដំបូង គ្រោងនឹង​ផលិតពី ៣ម៉ឺន ទៅ ៦ម៉ឺនគ្រឿងក្នុង១ឆ្នាំ ហើយពេលឈានដល់ដំណាក់កាលពេញលេញ គឺអាចផលិតដល់ ២០ម៉ឺនគ្រឿងក្នុង១ឆ្នាំ។

ក្រុមហ៊ុន Chery មានគោលដៅ​ចង់ក្លាយជាប្រេនឈានមុខគេមួយនៅក្នុងប្រទេសវៀតណាម ពោលគឺចង់បានតំណែង Top3 នៅត្រឹមឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន​ទីផ្សាររថយន្តនៅវៀតណាម កំពុងនាំមុខគេដោយ VinFast និង Toyota។

ក្នុងឆ្នាំ២០២៦នេះ Chery គ្រោងបញ្ចេញរថយន្តថ្មីម៉ូឌែល Omoda និង​Jaecoo ចំនួន១៦ ក្នុងប្រទេសវៀតណាម ដែលជាប្រភេទរថយន្តចំហេះក្នុង, Hybrid និងអគ្គិសនីសុទ្ធ ជាមួយគោលដៅលក់យ៉ាងហោច ១ម៉ឺនគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម