មកដឹងពីគ្រឿងបង្គុំមួយដែលជាអ្នកយកថាមពលពីអាគុយ១២វ៉ុល បម្លែងទៅជាថាមពលរាប់ម៉ឺនវ៉ុល ដើម្បីដុតបញ្ឆេះដំណើរការម៉ាស៊ីន

ក្នុងចំណោមប្រព័ន្ធភ្លើងរបស់រថយន្ត គ្រឿងបង្គុំដ៏សំខាន់បំផុតមួយដែលជាអ្នកផ្តល់ផ្កាភ្លើងក្នុងការដុតបញ្ឆេះ​ដំណើរការម៉ាស៊ីន គឺជាម៉ូប៊ីន។

ម៉ូប៊ីន ជាអ្នកទាញយកថាមពលពីអាគុយ ១២វ៉ុល បម្លែងទៅជាថាមពលរាប់ម៉ឺនវ៉ុល (ចន្លោះពី ២ម៉ឺន ដល់ ១០ម៉ឺនវ៉ុល) ដើម្បីផ្តល់ ឲ្យប៊ូស៊ីអាចបាញ់ផ្កាភ្លើងដុតល្បាយខ្យល់​ និងល្បាយឥន្ធនៈ នៅក្នុងបន្ទប់ចំហេះ នៅតាមស៊ីឡាំងនីមួយៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាទូទៅ ម៉ូប៊ីនអាចប្រើប្រាស់​បាន​ពី ១២ម៉ឺន ដល់ ១៦ម៉ឺនគីឡូម៉ែត្រ​ឯណោះ ដែល​គួរតែផ្លាស់ប្តូរចេញម្តង។ ប៉ុន្តែ​ម៉ូប៊ីន អាច​មានបញ្ហា ឬខូច មុនដល់គ្រប់ចំនួនគីឡូ ដែល​តម្រូវឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ ដើម្បី​កុំឱ្យរថយន្តជួប​បញ្ហា​កាន់តែធ្ងន់ធ្ងរជាងនេះ។ រោគសញ្ញាម៉ូប៊ីនខូច រួមមានដូចជា៖

១. ចេញសញ្ញា Check: ប្រសិន​បើម៉ូប៊ីន​ខូចនៅប្លុកស៊ីឡាំងណាមួយ វានឹងចេញសញ្ញា Check លោតភ្លឹបផ្លេក ដោយលេខកូតរបស់វាគឺ P0351 រហូតដល់ P0358។

២. ពិបាកដេរ​បញ្ឆេះ: ប្រសិនបើមានម៉ូប៊ីនណាមួយ​បានខូច វា​នឹងធ្វើអ្នកពិបាកដេរ​បញ្ឆេះ​រថយន្ត ព្រោះ​តែការផ្តល់ភ្លើងឱ្យប៊ូស៊ី មិនគ្រប់​គ្រាន់ ឬមិនគ្រប់ស៊ីឡាំង។ ប្រសិន​បើ​រថយន្តមានស៊ីឡាំង៤ ហើយម៉ូប៊ីនខូចទាំង៤ដើម គឺមិនអាច​ដេរឆេះតែម្តង។

៣. ម៉ាស៊ីន​រថយន្តឆេះអត់ស្មើៈ បើអ្នកកត់សម្គាល់​ថា​ម៉ាស៊ីនឆេះអត់ស្មើ ញ័រក្បាលឡាន ឬពេល​ជាន់ហ្គែររាងកន្រ្តាក់ម្តងៗ គឺអ្នកក៏ត្រូវគិតដល់​ពីបញ្ហាម៉ូប៊ីន​នេះ​ផងដែរ។

៤. ស៊ីសាំងជាងមុនៈ នៅពេល​ម៉ូប៊ីន​ណាមួយខូច វា​នឹង​កាត់បន្ថយការផ្តល់ថាមពល ជាហេតុ​ធ្វើឱ្យម៉ាស៊ីន​ត្រូវបឺតសាំង​ជាងមុនដែរ ដើម្បី​ទៅជួយបង្គ្រប់ថាមពល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម