
ធុងទឹកសាគួររបស់រថយន្ត (Coolant Reservoir) មិនត្រូវបានណែនាំឲ្យចាក់ពេញតែម្តង ដូចធុងទឹកមេ (Radiator) នោះទេ។ ធុងទឹកសាគួរនេះ គឺត្រូវបានកំណត់កម្រិតទាបបំផុត (MIN) និងកម្រិតខ្ពស់បំផុត (MAX) មានន័យថា ធុងទឹកសាគួរ ត្រូវឲ្យចាក់ទឹកត្រឹមគំនូស MAX តែប៉ុណ្ណោះ ដោយត្រូវទុកចន្លោះទំនេរនៅរវាងគំនូស MAX នេះ និងគម្របធុង។

មូលហេតុដែលត្រូវទុកចន្លោះឲ្យទទេរបែបនេះ ព្រោះធុងទឹកសាគួរ មានតួនាទីទទួលយកទឹកបន្ថែម ដោយសារក្នុងពេលម៉ាស៊ីនដំណើរការដល់សីតុណ្ហភាពប្រតិបត្តិការ ពេលនោះ ទឹកក៏នឹងឡើងកម្តៅដែរ ហើយកម្រិតទឹកកើនឡើងលើសពីធម្មតា។ ដូច្នេះហើយ កម្រិតទឹកដែលលើសនេះ នឹងត្រូវរត់ចូលទៅក្នុងធុងទឹកសាគួរ ដែលវាមិនបណ្តាលឲ្យហៀរចេញមកក្រៅនោះទេ។ យ៉ាងណាមិញ នៅពេលដែលពន្លត់ម៉ាស៊ីនរថយន្ត ហើយម៉ាស៊ីនចុះត្រជាក់វិញ ទឹកក្នុងធុងទឹកសាគួរ នឹងស្រកចុះមកកម្រិត Max វិញដដែល។
បន្ថែមលើសនេះ បើមានអ្វីមិនប្រក្រតីមួយចំនួននៃដំណើរការម៉ាស៊ីន ធុងទឹកសាគួរនេះ ក៏ជួយឲ្យយើងអាចកំណត់បញ្ហាបានផងដែរ ដូចជា៖
១. កម្រិតទឹកទាប៖ ប្រសិនបើពិនិត្យឃើញកម្រិតទឹកទាបក្នុងធុងទឹកសាគួរ គឺវាបង្ហាញថា មានការលេចជ្រាបបាត់ទឹក ឬមានបញ្ហាក្នុងប្រព័ន្ធបញ្ចុះកម្តៅ។
២. ទឹកពុះ៖ បន្ទាប់ពីបញ្ឆេះម៉ាស៊ីនរថយន្ត បានតែប៉ុន្មាននាទី តែឃើញមានទឹកពុះក្នុងធុងទឹកសាគួរ គឺវាអាចបង្ហាញពីអការៈនៃការឆ្លងរ៉ងក្បាលគុយឡាស់ ខូចក្លាប៉េទឹក ឬអាចខូចគម្របធុងទឹកមេ (Radiator Cap) ជាដើម៕























