គិតមកត្រឹមចុងឆ្នាំ២០២៥ កម្ពុជាបានចុះបញ្ជីរថយន្តអគ្គិសនីសរុបចំនួន ៩០៦៥គ្រឿងហើយ ដែលនាំមុខដោយប្រេនរថយន្តធំៗចំនួន៣ គឺ BYD, Toyota និង Tesla។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។ សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនីចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់ដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នាការកំណើនយានយន្តអគ្គិសនីលើសកលលោកដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ ដែលជាត្រីវិស័យ និងជាឧបករណ៍ ក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។ តាមរយៈគោលនយោបាយជាតិនេះ កម្ពុជាបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង។
ថ្មីៗនេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញឲ្យអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនីទាំងអស់នៅកម្ពុជា ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្តអគ្គិសនី ជាពិសេស យានយន្តសម្រាប់បម្រើឲ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។
ជាមួយគ្នានេះ អគ្គិសនីកម្ពុជា (EDC) បានចូលរួមវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមរាជធានី-ខេត្តទាំង២៥ ដែលស្ថានីយទាំងនោះនឹងចាប់ផ្តើមដាក់ឲ្យដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។
រោងចក្រ BYD នៅខេត្តព្រះសីហនុ ទើបតែបញ្ចប់ការសាងសង់ និងបានដំឡើងរថយន្តប្រគល់ឲ្យអតិថិជនរបស់ខ្លួនរួចហើយ។ ក្នុងខណៈដែលកំពុងមានតម្រូវការទីផ្សារកើនឡើង ក្រុមហ៊ុននេះ ក៏មានផែនការបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀតផងដែរ។ ក្នុងដំណាក់កាលដំបូង រោងចក្រនេះ គ្រោងដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ដោយគ្រោងដំឡើងរថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿង ក្នុង១ឆ្នាំ៕





















