
បន្ទាប់ពីបានប្រកាសបង្ហាញចេញនូវផែនថ្មីដើម្បីបំពេញនូវតម្រូវការសាករថយន្តអគ្គិសនីដែលកំពុងតែមានការកើនឡើងខ្លាំងនៅក្នុងប្រទេសខ្លួន ពេលនេះ ប្រទេសចិន បានកំណត់នូវគោលដៅថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ ពួកគេនឹងពង្រីកនូវកន្លែងសាកថ្មរហូតដល់ចំនួន ២៨លានកន្លែងឯណ្ណោះ នៅចុងឆ្នាំ២០២៧។ នេះបើយោងតាម អាជ្ញាធរថាមពលជាតិចិន (National Energy Administration) ។

ក្នុងនោះ សម្រាប់គម្រោងផែនការថ្មីរបស់ប្រទេសចិននេះផងដែរ ក៏មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបណ្តាញសាកថ្មល្បឿនលឿនក្នុងទីក្រុង ផ្លូវល្បឿនលឿន និងដោះស្រាយបញ្ហាខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសាកថ្មនៅតំបន់ជនបទផងដែរ។ ចំណែកសមត្ថភាពវិញ គឺមានចំនួនសរុបលើស ៣០០ លានគីឡូវ៉ាត់ឯណ្ណោះ។

គួរបញ្ជាក់ថា គិតត្រឹមចុងខែធ្នូ ឆ្នាំ២០២៥ ប្រទេសចិន គឺមានកន្លែងសាកថ្មរថយន្តអគ្គិសនីសរុបប្រមាណ ២០ លានកន្លែងឯណ្ណោះ កើនឡើង ៤៩,៧% បើប្រៀបធៀបនឹងឆ្នាំ២០២៤ ខណៈចំនួននេះគឺបានធ្វើឲ្យចិនក្លាយជាប្រទេសដែលមានបណ្តាញសាកថ្មធំជាងគេបំផុតនៅលើពិភពលោក៕





















