មកដឹងពីបណ្ណបើកបរ កាតគ្រី និងឆៀក ដែលត្រូវយកតាមខ្លួនពេលបើករថយន្តចេញដំណើរម្តងៗ ចៀសវាងរងការផាកពិន័យ

ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍។

ដូច្នេះហើយដើម្បីចៀសវាងការផាកពិន័យ សម្រាប់អ្នកបើកបររថយន្ត គឺត្រូវតែបើកបរគោរពទៅតាមច្បាប់ចរាចរណ៍ ដូចជា ការពាក់ខ្សែក្រវាត់ ហាមប្រើទូរសព្ទដោយគ្មានឧបករណ៍ភ្ជាប់ និងគោរពតាមភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ ល្បឿនកំណត់ ក៏ដូចជាសិទ្ធិអាទិភាពជាដើម។ ជាមួយគ្នានេះ រឿងដ៏សំខាន់បំផុតមួយទៀតសម្រាប់អ្នកបើកបររថយន្ត គឺមិនត្រូវភ្លេចដាច់ខាតនូវឯកសារសំខាន់ៗដែលត្រូវដាក់តាមខ្លួន គឺបណ្ណបើកបរ បណ្ណសម្គាល់យានជំនិះឬកាតគ្រី និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមអនុក្រឹត្យស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ ស្តីពីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះកាលពី១៧ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងដូចខាងក្រោមនេះ៖

១-អ្នកបើកបរយានយន្តធុនស្រាល ដែលមិនបានយកភ្ជាប់តាមខ្លួននូវបណ្ណបើកបរច្បាប់ដើម ត្រូវពិន័យ ៧៥០០០រៀល។ មានបណ្ណបើកបរដែរ តែហួសសុពលភាព ឬមិនត្រូវតាមប្រភេទយានយន្ត ត្រូវពិន័យ ១៨០ ០០០រៀល។ លើសពីនេះ បើគ្មានបណ្ណបើកបរ ឬក្នុងរយៈពេលដែលបណ្ណបើកបរត្រូវបានដកហូត ព្យួរទុក ឬទុកជាមោឃៈ ត្រូវពិន័យដល់ទៅ ១ ២០០ ០០០រៀល។

២-អ្នកបើកបរយានយន្តធុនស្រាល ដោយគ្មានបណ្ណសម្គាល់យានជំនិះ និង/ឬគ្មានផ្លាកលេខ ត្រូវពិន័យ ១ ២០០ ០០០រៀល។

៣. អ្នកបើកបរយានយន្តធុនស្រាល ដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬមានដែរតែហួសសុពលភាព ត្រូវពិន័យ ១៨០ ០០០រៀល។

សូមបញ្ជាក់ដែរថា សម្រាប់បណ្ណសម្គាល់យានជំនិះ ដែលមាន QR Code អាចប្រើច្បាប់ថតចម្លងបាន ប៉ុន្តែបើជាបណ្ណស៊េរីចាស់មិនមាន QR Code គឺត្រូវមានការបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច។ ចំណែក ឆៀក អាចប្រើច្បាប់ថតចម្លងបាន ប៉ុន្តែបណ្ណបើកបរដាច់ខាតគឺត្រូវប្រើច្បាប់ដើម។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម