ក្រុមហ៊ុនរថយន្តម៉ាឡេស៊ី ប្រកាសចេញ PHEV ធូរថ្លៃជាងគេបំផុតក្នុងប្រទេស

ក្រុមហ៊ុន Proton ដែលជាប្រេនរថយន្តម៉ាឡេស៊ី បានប្រកាសចេញរថយន្តថ្មី eMAS 7 ជាប្រភេទម៉ាស៊ីនសាំងលាយអគ្គិសនី PHEV ជាលើកដំបូងរបស់ក្រុមហ៊ុននេះតែម្តង កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ រថយន្តនេះ មកជាមួយ option ចំនួន៣ រួមមានៈ

ទី១. Option Prime តម្លៃជាង ២៧០០០ដុល្លារ ដែលធូរថ្លៃជាងគេបំផុត ក្នុងចំណោមរថយន្ត PHEV ទាំងអស់ដែលដាក់លក់ក្នុងប្រទេសម៉ាឡេស៊ី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទី២. Option Premium តម្លៃជាង ៣១០០០ដុល្លារ។

និងទី៣. Option Premium Plus តម្លៃ ៣៣០០០ដុល្លារ។

រថយន្ត Proton eMAS7 PHEV ប្រើម៉ាស៊ីនចំំណុះ ១,៥លីត្រ ផលិតបានកម្លាំង ៩៩សេះ និងកម្លាំងរមួល ១២៥ញូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ 11-in-1 DHT ប៉ុងមុខ ដែលធ្វើឲ្យប្រព័ន្ធនេះផលិតបានកម្លាំងសរុប ២៥៨សេះ និងកម្លាំងរមួល ២៦២ញូតុនម៉ែត្រ។

សម្រាប់ទំហំអាគុយរបស់រថយន្តនេះ ក៏ខុសៗគ្នាផងដែរទៅតាម option នីមួយៗផងដែរ។ ក្នុងនោះ Option Prime និង Premium បំពាក់អាគុយទំហំ ១៨,៤គីឡូវ៉ាត់ម៉ោង រត់លើអគ្គិសនីសុទ្ធបានចម្ងាយ ៨៣គីឡូម៉ែត្រ ហើយបើរត់លាយគ្នាជាមួយម៉ាស៊ីនសាំង គឺបានចម្ងាយ ៩៤៣គីឡូម៉ែត្រ ខណៈកម្រិតស៊ីសាំង ៤,៣លីត្រ/១០០គ.ម។ ចំណែក Option Premium Plus បំពាក់អាគុយទំហំ ២៩,៨គីឡូវ៉ាត់ម៉ោង រត់លើអគ្គិសនីសុទ្ធបានចម្ងាយ ១៤៦គីឡូម៉ែត្រ ហើយបើរត់លាយគ្នាជាមួយម៉ាស៊ីនសាំង គឺបានដល់ចម្ងាយ ៩៩៦គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាំង ៤,៤លីត្រ/១០០គ.ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម