ធ្លាប់តែមានគំនិតអវិជ្ជមានចំពោះឡានអគ្គិសនីចិន តែបច្ចុប្បន្ន ប្រជាជនកាណាដាជាង ១៥% ឯណ្ណោះ ដែលចង់ទិញឡានអគ្គិសនីរបស់ប្រទេសមួយនេះ!

ប្រសិនបើបងប្អូនបានតានដានព័ត៌មានរថយន្តក្នុងឆ្នាំ២០២៤ និង ២០២៥ ប្រាកដជាដឹងថា រដ្ឋាភិបាលរបស់ប្រទេសកាណាដា គឺបានដាក់ពន្ធនាំចូលលើរថយន្តអគ្គិសនីរបស់ប្រទេសចិនដល់ទៅ ១០០% ឯណ្ណោះ ដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ខ្លួន ប៉ុន្តែនៅក្នុងបច្ចុប្បន្ន ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសនេះ គឺបាន និងកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ដោយក្នុងនោះ រដ្ឋាភិបាលរបស់ប្រទេសកាណាដា គឺបានសម្រេចកាត់បន្ថយពន្ធនាំចូលលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនមកកាន់ប្រទេសខ្លួនមកត្រឹមតែ ៦% ប៉ុណ្ណោះ។

យោងតាមសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានឲដឹងថា រដ្ឋាភិបាលរបស់ប្រទេសកាណាដា គឺបានសម្រេចអនុញ្ញាតឲ្យរថយន្តអគ្គិសនីចិនចំនួន ៤៩ ០០០ គ្រឿងក្នុងមួយឆ្នាំ ចូលទីផ្សារកាណាដា ក្នុងអត្រាពន្ធទាបត្រឹមតែ ៦,១% ប៉ុណ្ណោះ។ ហើយគោលនយោបាយថ្មីនេះ គឺត្រូវបានគេរំពឹងថានឹងជួយបន្ថយតម្លៃរថយន្តអគ្គិសនីយ៉ាងខ្លាំង ជាពិសេសគឺដើម្បីបង្កើនការចាប់អារម្មណ៍របស់សាធារណជន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាកទៅមើលការស្ទង់មតិថ្មីមួយរបស់ Nanos Research បានឲដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រជាជនកាណាដាជាង ១៥% ឯណ្ណោះ គឺបានចាប់អារម្មណ៍ក្នុងការទិញឡានអគ្គិសនីចិន។ ដែលនេះគឺជាការប្រែប្រួលដ៏ធំមួយបើប្រៀបធៀបទៅឆ្នាំ ២០២៤ ដែលមានរហូតទៅដល់ ៦១% មិនចង់ទិញ ហើយមានតែ ៩% ប៉ុណ្ណោះដែលចង់ទិញ។

ជាមួយគ្នានេះ រដ្ឋាភិបាលកាណាដាផ្ទាល់ក៏មានផែនការផ្តល់ជំនួយរហូតដល់ ៥,០០០ ដុល្លារកាណាដា សម្រាប់អ្នកទិញរថយន្ត EV និងជំរុញឲ្យក្រុមហ៊ុនកាណាដា និងក្រុមហ៊ុនចិន សហការគ្នាដើម្បីបើករោងចក្រដំឡើងក្នុងស្រុកផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម