កាលពីថ្ងៃចន្ទ Lexus បានប្រកាសថារថយន្ត IS ឆ្នាំ ២០២១ នឹងបង្ហាញខ្លួនជាផ្លូវការនាថ្ងៃទី ៩ ខែមិថុនា។ ក្រោយការប្រកាសប៉ុន្មានថ្ងៃ ក្រុមហ៊ុនក៏បានប្រកាសជាថ្មីម្ដងទៀតពីការពន្យារពេលការបង្ហាញចេញ ដោយសារស្ថានភាពពិភពលោកនាពេលបច្ចុប្បន្ន។
ត្បិតថា Lexus មិនបញ្ជាក់ហេតុផលច្បាស់ ប៉ុន្តែគេអាចដឹងថាគឺដោយសារការស្លាប់របស់លោក George Floyd ដែលលោកបានស្លាប់កាលពីថ្ងៃទី ២៥ខែឧសភា ក្រោយពីប៉ូលិសទីក្រុង Minneapolis បានយកជង្គង់សង្កត់កលោកជាប់រយៈពេលជិត ៩នាទី។
ការស្លាប់របស់បុរសស្បែកខ្មៅ ដោយសារទង្វើឃោរឃៅរបស់ប៉ូលិសបានធ្វើឲ្យកើតមានការជ្រួលច្របល់ពេញសហរដ្ឋអាមេរិក ដោយនាំឲ្យមានការធ្វើបាតុកម្មទាមទាររកយុត្តិធម៌សម្រាប់លោក George Floyd ផងដែរ។
Lexus បានឲ្យដឹងថាកាលបរិច្ឆេទថ្មីនៃការបង្ហាញចេញរថយន្ត IS ឆ្នាំ ២០២១ នឹងប្រកាសចេញនាពេលឆាប់ៗនេះ។ Lexus បានរក្សាការសម្ងាត់បានយ៉ាងល្អលើម៉ូដែល IS ថ្មី ប៉ុន្តែគេរំពឹងថាវានឹងមានរចនាបថថ្មី ជាមួយប្រព័ន្ធម៉ាស៊ីនថ្មីផងដែរ៕