ការត្រួតពិនិត្យកម្រិតប្រេងហ្វ្រាំង ក៏មិនខុសពីប្រេងផ្សេងៗនៃរថយន្តដែរ គឺមានកម្រិត Minimum និង Maximum ដូចគ្នា។

កម្រិតប្រេងក្នុងក្រឡហ្វ្រាំង សម្រាប់ប្រតិបត្តិការរថយន្តជាទូទៅ គឺស្ថិតនៅចន្លោះរវាងគំនូស Minimum និង Maximum។ ប៉ុន្តែបើវាស្រាប់តែស្រកចុះស្ថិតក្រោមគំនូស Minimum នោះវាបង្ហាញពីសញ្ញាព្រមាន២យ៉ាង គឺ ការអស់ស្បែកហ្វ្រាំង ឬមានការលេចជ្រាប ដែលត្រូវយកចូលការ៉ាស់ត្រួតពិនិត្យជួសជុលឲ្យបានឆាប់បំផុត។

ប្រសិនបើអ្នកកំពុងបើកបរ ហើយមានការស្រកចុះប្រេងហ្វ្រាំងដល់កម្រិតទាប វាក៏នឹងលេចចេញសញ្ញាព្រមាន Brake System Warning ពណ៌ក្រហមក្នុងកុងទ័ររថយន្តផងដែរ។ ក្នុងស្ថានភាពនោះ អ្នកបើកបរត្រូវស្វែងរកកន្លែងឈប់ភ្លាមៗតាមដែលអាចធ្វើបាន ព្រោះបើបន្តបើកទៀត អាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ដោយសារជាន់ហ្វ្រាំងអត់ស៊ី។
យ៉ាងណាមិញ ប្រសិនបើអ្នកមិនអាចស្វែងរកកន្លែងសុវត្ថិភាពឈប់រថយន្តភ្លាមៗបានទេនោះ គឺត្រូវបើកបរក្នុងល្បឿនយឺតបំផុតរហូតដល់អាចរកកន្លែងជួសជុល ឬទីសុវត្ថិភាពដែលអាចឈប់បាន។
ក្រៅពីសញ្ញាព្រមាន Brake System Warning នេះ ក៏មានអាការៈផ្សេងៗទៀតដែរ ដែលបញ្ជាក់ពីកម្រិតប្រេងហ្វ្រាំងកំពុងស្រកចុះទាប ឬអស់គុណភាព ដូចជា ជាន់ហ្វ្រាំងផុងៗ ចំណាយពេលជាន់ហ្វ្រាំងយូរទើបបញ្ឈប់រថយន្តបាន ធុំក្លិនឆ្ងៀមចេញពីហ្វ្រាំងដែលឡើងកម្តៅខ្លាំង និងលាន់សំឡេងស្បែកហ្វ្រាំងពេលជាន់ហ្វ្រាំងម្តងៗ៕

















