បន្ទាប់ពីទទួលបានលទ្ធផលប្រឡងទ្រឹស្តី នៃការប្រឡងយកបណ្ណបើកបរ ជាប់ជាស្ថាពរហើយ បេក្ខជនគឺមានសិទ្ធិបន្តប្រឡងដៃចង្កូតផ្ទាល់នៅទីលានប្រឡង។
យោងតាមឧបសម្ព័ន្ធទី៣ នៃប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការចេញបណ្ណបើកបរ និងបណ្ណពិន្ទុ ឲ្យដឹងថា វិញ្ញាសាប្រឡងអនុវត្តបើកបរ ឬហៅថា ប្រឡងដៃចង្កូត សម្រាប់រថយន្តគ្រួសារ និងរថយន្តដឹកទំនិញធុនស្រាល គឺមាន ១០០ពិន្ទុ ហើយប្រសិនបើមានកំហុសដែលត្រូវដកលើសពី ២០ពិន្ទុ គឺត្រូវធ្លាក់។

វិញ្ញាសាប្រឡងដៃចង្កូតនេះ រួមមាន៖
១. ការចាប់ផ្តើមចេញដំណើរ និងការបញ្ចប់
២. ឈប់រថយន្តផ្តល់សិទ្ធិអាទិភាពឲ្យថ្មើរជើង
៣. ឈប់រថយន្ត និងចាប់ផ្តើមបើកបរឡើងទួល
៤. ការបើកបររថយន្តផ្លូវរាងអក្សរ Z
៥. ការបើកបរនៅកន្លែងផ្លូវប្រសព្វមានភ្លើងសញ្ញាចរាចរណ៍
៦. ការបើកបររថយន្តផ្លូវរាងអក្សរ S
៧. ការបើកបរចូលចំណតរាងអក្សរ T
៨. ការបើកបរចូលចំណតរាងអក្សរ P
៩. ឈប់រថយន្តនៅកន្លែងផ្លូវរថភ្លើងឆ្លងកាត់
១០. ការបើកបរផ្លាស់ប្តូរលេខពីផ្លូវត្រង់
១១. ស្ថានភាពគ្រោះអាសន្ន៖ ពេលបន្លឺសំឡេងអាសន្ន បេក្ខជនជាន់ហ្វ្រាំងដើម្បីឈប់រថយន្ត និងបើកភ្លើងសញ្ញាអាសន្ន។
គួរដឹងដែរថា សម្រាប់អ្នកដែលមានបំណងចង់ប្រឡងយកបណ្ណបើកបរ អាចដោនឡូតកម្មវិធី Cambodia Driving Rules ទាំងនៅលើ AppStor និង PlayStore ដើម្បីរៀនពីទ្រឹស្តីនៃការបើកបរ និងធ្វើតេស្តសាកល្បង។
ការដាក់ពាក្យសុំប្រឡងយកបណ្ណបើកបរ អាចធ្វើតាមប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ឬទៅកាន់ទីតាំងផ្តល់សេវាផ្ទាល់ណាមួយរបស់ក្រសួង ជាមួយឯកកសារតម្រូវរួមមាន៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
២. លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់ ឬនៅមណ្ឌលសុខភាពដែលទទួលស្គាល់ដោយក្រសួងសុខាភិបាល)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក
** ចំពោះប្រជាពលរដ្ឋខ្មែរដែលមានបំណងប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ ង ត្រូវភ្ជាប់វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាង្រៀនបើកបរ និងត្រូវមានបណ្ណបើកបរប្រភេទ ខ រួចហើយ។

















