
ក្រុមហ៊ុន Huawei និង GAC បានដាក់សម្ពោធម៉ាកយីហោថ្មីមួយដែលមានឈ្មោះថា Aistaland (ឬជាភាសាចិនហៅថា Qijing) រួមជាមួយការដាក់បង្ហាញនូវរថយន្តម៉ូឌែលដំបូងបង្អស់របស់ខ្លួនគឺ GT7 ប្រភេទ Shooting Brake ព្រមទាំងចាប់ផ្ដើមបើកទទួលការបញ្ជាការទិញទុកមុននៅក្នុងប្រទេសចិន។ យោងតាមសារព័ត៌មាន IT-home បានឲ្យដឹងថា រថយន្តម៉ូឌែលនេះគឺជាការរួមបញ្ចូលគ្នារវាងប្រព័ន្ធរថយន្តឆ្លាតវៃ Qiankun របស់ Huawei ជាមួយនឹងបច្ចេកវិទ្យាផលិតរថយន្តដ៏ទំនើបរបស់ GAC។
រថយន្ត GT7 បានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យារថយន្តឆ្លាតវៃ Qiankun របស់ Huawei ទាំងស្រុង ជាពិសេសត្រូវផលិតមកផ្ដោតលើសមត្ថភាពខ្ពស់ក្នុងការបើកបរ ដោយបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនៃកម្លាំងសេះមិនត្រូវបានគេទម្លាយឲ្យដឹងនៅក្នុងព្រឹត្តិការណ៍សម្ពោធនោះទេ។ ចំណែកឯអាគុយវិញរបស់រថយន្ដនេះបានបំពាក់ជាមួយអាគុយប្រភេទ Qilin ដែលមានសហការអភិវឌ្ឍជាមួយក្រុមហ៊ុន CATL ប៉ុន្តែសមត្ថភាពផ្ទុក និងសមាសធាតុគីមីនៃអាគុយនេះក៏មិនទាន់ត្រូវបានប្រកាសដែរ។
ជាមួយគ្នានេះ GT7 ក៏គាំបច្ចេកវិទ្យាសាកថ្ម 800V អនុញ្ញាតឲ្យអាចសាកថ្មល្បឿនលឿនកម្រិត 6Cចំពោះផ្នែក (Hardware) ជំនួយដល់ការបើកបរវិញ គឺត្រូវបានដំណើរការដោយប្រព័ន្ធបើកបរឆ្លាតវៃ Qiankun របស់ Huawei រួមមានសេនស័រ Lidar កម្រិត ៨៩៦ ខ្សែ (896-line) ដែលក្រុមហ៊ុន Huawei បានអះអាងថា ជា Lidar ដែលមានចំនួនខ្សែខ្ពស់បំផុតសម្រាប់រថយន្តផលិតក្នុងទ្រង់ទ្រាយធំ ហើយវាគឺជាផ្នែកមួយនៃប្រព័ន្ធ Hardware ដែលរៀបចំឡើងដើម្បីគាំទ្រដល់មុខងារបើកបរស្វ័យប្រវត្តិកម្រិត៣ (L3) នៅពេលដែលច្បាប់អនុញ្ញាតនាពេលអនាគត។
ប្រព័ន្ធដំណើរនៅផ្នែកខាងក្នុងរបស់រថយន្តនេះដំណើរការដោយបន្ទះឈីបបង្កើនល្បឿន Qiankun Chitu របស់ Huawei ផ្អែកលើ HarmonyOS និងការបញ្ចូលនូវជំនួយការឆ្លាតវៃ AI ផងដែរ។ បន្ថែមពីនេះរថយន្ត GT7 ប្រើប្រាស់រចនាបថតួខ្លួនប្រភេទ Shooting-brake ជាការរួមបញ្ចូលគ្នារវាងដំបូលទម្រេតបែប Fastback ជាមួយនឹងទំហំផ្នែកខាងក្រោយធំទូលាយបែប Wagon។
ចំពោះទំហំរូបរាងខាងក្រៅរថយន្តនេះមានប្រវែងបណ្តោយ ៥ ០៥០ មីលីម៉ែត្រ, ទទឹង ១ ៩៨០ មីលីម៉ែត្រ, កម្ពស់ ១,៤៧០ មីលីម៉ែត្រនិងប្រវែងគម្លាតកង់មុខក្រោយ ៣ ០០០ មីលីម៉ែត្រ។ ជាមួយរចនាបថបែប Shooting-brake អនុញ្ញាតឲ្យរថយន្តនេះមានកម្ពស់ដំបូលទាបជាងរថយន្តប្រភេទ SUV ប៉ុន្តែវានៅតែអាចរក្សាទំហំផ្ទុកអីវ៉ាន់ផ្នែកខាងក្រោយបានយ៉ាងធំទូលាយដដែល។ចំណុចលេចធ្លោនៃការរចនារួមមាន ប្រព័ន្ធចង្កៀងមុខឆ្លាតវៃ XPixel របស់ Huawei ដែលអាចបញ្ចាំងរូបភាពបាន និងការរៀបចំផ្នែកខាងក្នុងបែបសាមញ្ញ ប៉ុន្តែផ្ដោតសំខាន់លើប្រព័ន្ធបញ្ជាឌីជីថល HarmonyOS នៅក្នុងកាប៊ីនប្រៀបដូចជាយន្តហោះ។
យ៉ាងណាមិញក្រុមហ៊ុន Aistaland បានបញ្ជាក់ថា គោលដៅរបស់ខ្លួនគឺបង្កើតរថយន្តប្រភេទ Flagship Shooting Brake ស្ថិតក្នុងនាមជារថយន្តម៉ូឌែលកំពូល មានសមត្ថភាពអាចប្រជែងជាមួយរថយន្ដកំពូលដ៏ទៃទៀតបានទាំងកម្រិតបទពិសោធន៍នៃការបើកបរ និងផាសុកភាពនៃការជិះ ជាមួយនឹងរថយន្តដែលមានតម្លៃ ១ លានយ័ន ឬប្រហែល ១៤៥ ២១០ ដុល្លារ។





















