អ្នកដែលមានបណ្ណបើកបរប្រភេទ គ ឃ ឬ ង គឺមានសិទ្ធអាចបើកយានយន្តប្រភេទ ខ បាន។ ផ្ទុយមកវិញ បើមានបណ្ណបើកបរត្រឹមតែប្រភេទ ខ ទេ គឺមិនអាចបើកយានយន្តប្រភេទ គ ឃ ឬ ង បានឡើយ ពោលគឺត្រូវការរៀន និងប្រឡងបន្ថែមទៀត។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានបង្ហាញឲ្យដឹងពីប្រភេទបណ្ណបើកបរ ដែលអាចបើកយានយន្តដូចខាងក្រោមនេះ៖
ប្រភេទខៈ សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ។
ប្រភេទគៈ សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន។
ប្រភេទឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ ដោយបែងចែកជាប្រភេទ ឃ១ និងឃ២។ ក្នុងនោះ ឃ១ សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី១០នាក់ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ។ ចំណែក ឃ២ សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ។

គួរដឹងថា អ្នកមានបណ្ណបើកបរប្រភេទ គ អាចបើកបរយានយន្តប្រភេទ ខ បាន ហើយក៏អាចបើកយានយន្តប្រភេទ ឃ១ បានទៀតផងដែរ ប្រសិនអ្នកបើកបរនោះបានឆ្លងកាត់ការប្រឡងយកបណ្ណបើកបរប្រភេទ គ តាមរយៈបណ្ណបើកបរប្រភេទឃ១។ សម្រាប់អ្នកមានបណ្ណបើកបរប្រភេទ ឃ១ អាចបើកបរយានយន្តប្រភេទ ខ។ ជាមួយគ្នានេះ អ្នកមានបណ្ណបើកបរប្រភេទ ឃ២ គឺអាចបើកយានយន្តប្រភេទ ខ គ ឬ ឃ១ បាន។
ចំណែកអ្នកដែលមានបណ្ណបើកបរដល់ប្រភេទ ង គឺអាចបើកយានយន្តទាំងប្រភេទ ខ គ និង ឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន ទៅតាមប្រភេទបណ្ណបើកបរ រួមមាន ង(ខ) ង(គ) ឬ ង(ឃ)។
ចំពោះសុពលភាពវិញ បណ្ណបើកបរប្រភេទ ខ មានរយៈពេល ១០ឆ្នាំ ខណៈ គ ឃ និង ង មានរយៈពេល ៥ឆ្នាំ៕




















