មូលហេតុដ៏ធំបំផុតមួយដែលធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្សេងៗនៃប្រព័ន្ធបញ្ចុះកម្តៅ ឬប្រព័ន្ធទឹករបស់រថយន្ត គឺដោយសារការប្រើទឹកធម្មតា ឬប្រើទឹកស្អំក្លែងក្លាយគ្មានគុណភាព។

នៅក្នុងប្រព័ន្ធទប់កម្តៅនេះ រួមមានដូចជា ធុងទឹក (Radiator), បូមទឹក, ក្លាប៉េទឹក, ធុងទឹកសាគួរ និងកង្ហា។ អ៊ីចឹងហើយ ប្រសិនបើប្រើទឹកធម្មតាក្នុងប្រព័ន្ធនេះ ដោយគ្មានសារធាតុជំនួយ នឹងបង្កផលប៉ះពាល់ដូចខាងក្រោមនេះ៖

១. ឡើងកម្តៅ៖ ទឹកធម្មតា គឺងាយនឹងពុះ រត់ដំណើរការស្អំម៉ាស៊ីនយឺត ដែលធ្វើឲ្យម៉ាស៊ីនឆាប់ឡើងកម្តៅ។
២. ពុក និងច្រែស៖ ទឹកធម្មតាមិនមានសារធាតុជំនួយការពារភាពពុក ស្នឹម និងច្រែស ខណៈគ្រឿងបង្គុំម៉ាស៊ីន សុទ្ធតែជាលោហធាតុ។
៣. ខូចបូមទឹក៖ នៅពេលបូមទឹកឡើងច្រែស វានឹងធ្វើឲ្យស្ទះមុខងាររបស់វាដែលមិនអាចឲ្យទឹករត់ទៅស្អំម៉ាស៊ីនបានឡើយ។
៤. ទឹកអាចនឹងកក នៅក្នុងប្រទេសដែលមានអាកាសធាតុត្រជាក់ មានហានិភ័យខ្ពស់ដល់ការប្រេះបែកប្លុកម៉ាស៊ីន ធុងទឹក និងទុយោទឹក។
៥. ទឹកធម្មតាចេញពីក្បាលរ៉ូប៊ីណេ ផ្ទុកដោយជាតិរ៉ែផ្សេងៗ ដែលអាចបណ្តាលឲ្យកករស្ទះធុងទឹក ប៉ះពាល់ដល់ចរន្តទឹកក្នុងម៉ាស៊ីន។

តែយ៉ាងណាក៏ដោយ ក្នុងករណីបើកបរតាមផ្លូវ ស្រាប់តែបាត់ទឹកហើយឡើងកម្តៅខ្លាំង លោកអ្នកត្រូវទុកឲ្យម៉ាស៊ីនរថយន្តចុះត្រជាក់សិន ហើយអាចចាក់ទឹកធម្មតាជាបណ្តោះអាសន្នសិន។ បន្ទាប់មកពេលចូលការ៉ាស់ជួសជុលរួច គឺគួរលាងសម្អាតធុងទឹក ហើយចាក់ទឹកស្អំថ្មីចូល៕














