
ការត្រួតពិនិត្យលើកុងទ័រល្បឿនរថយន្ត គឺជាផ្នែកដ៏សំខាន់មួយនៃដំណើរការការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក។ កុងទ័រល្បឿននេះ ត្រូវបានត្រួតពិនិត្យដោយឧបករណ៍ ដើម្បីកំណត់ថា ជាប់ ឬធ្លាក់។
យោងតាមប្រកាសស្តីពីការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះគ្រប់ប្រភេទ បានកំណត់ពីការត្រួតពិនិត្យកុងទ័រល្បឿន ដោយតម្រូវឱ្យកម្រិតលម្អៀងនៃកុងទ័រល្បឿនស្ថិតក្នុងចន្លោះពី-១០% ទៅ+២០% ឬចន្លោះពី៣៦ ទៅ ៤៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលដែលកុងទ័រល្បឿនរបស់យានគឺ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរដឹងថា ដំណើរការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក មាន២ផ្នែក គឺត្រួតពិនិត្យដោយភ្នែក និងត្រួតពិនិត្យដោយឧបករណ៍។ ការត្រួតពិនិត្យដោយភ្នែក គឺការត្រួតពិនិត្យភិនភាគទូទៅ ការពិនិត្យផ្នែកខាងក្រៅ និងការពិនិត្យគ្រឿងក្រោមយានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ២៥ចំណុច។ ចំណែកការត្រួតពិនិត្យដោយឧបករណ៍ គឺត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពសំខាន់ៗរបស់យានជំនិះ លើមូលដ្ឋានត្រួតពិនិត្យចំនួន ៩ចំណុច ដោយក្នុងនោះរួមមានទាំងកុងទ័រល្បឿនផងដែរ។
ការយករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬឆៀក បានទៀងទាត់តាមកាលកំណត់និងស្របតាមច្បាប់ គឺពិតជាមានសារៈសំខាន់ដល់សុវត្ថិភាព កាត់បន្ថយការចំណាយថវិកាច្រើនលើការជួសជុល និងជាពិសេសគឺមិនទទួលរងការផាកពិន័យណាមួយឡើយ។ ចំពោះឯកសារដែលត្រូវភ្ជាប់ទៅជាមួយ រួមមាន៖
១. សម្រាប់យានយន្តចុះបញ្ជីរួច (មានផ្លាកលេខ) គឺត្រូវមានប័ណ្ណសម្គាល់យានយន្ត ឬ កាតគ្រី និងវិញ្ញាបនបត្រឆៀកចាស់ ឬលតាបត្របិទជាប់កញ្ចក់យានយន្ត។
២៖ សម្រាប់ «យានយន្តមិនទាន់ចុះបញ្ជី (ក្រដាសពន្ធ) គឺត្រូវមានអត្តសញ្ញាណប័ណ្ណ និងបង្កាន់ដៃបង់ពន្ធយានយន្ត៕
















