
បើនិយាយពីរថយន្ត Rolls-Royce មនុស្សភាគច្រើនតែងតែនឹងឃើញទៅដល់ភាពប្រណិត និងតម្លៃរបស់វាជាមិនខាន ព្រោះវាគឺជារថយន្តបែបអភិជនដែលមានតម្លៃថ្លៃរាប់លានដុល្លារ។ ប៉ុន្តែបើទោះបីជា Rolls-Royce ជារថយន្តដ៏ប្រណិត និងមានតម្លៃក៏ដោយ ក៏ប៉ុន្តែម៉ាករថយន្តនេះផ្ទាល់ក៏មាននូវរថយន្តចម្លែកៗមួយចំនួនផងដែរ តួយ៉ាងដូចជារថយន្ត Rolls-Royce Phantom I Jonckheere Coupe នេះអញ្ចឹង មើលទៅចម្លែក និងទាក់ទាញមែនទែន។

បើនិយាយពីប្រវត្តិរបស់រថយន្តនេះ ដើមឡើយវាជាឡាន Rolls-Royce Phantom I ធម្មតានោះទេ។ វាគឺត្រូវបានផលិតឡើងនៅឆ្នាំ ១៩២៥ ប៉ុន្តែត្រូវបានបញ្ជូនទៅរោងជាង Jonckheere នៅប្រទេសប៊ែលហ្សិក ដើម្បីរចនារូបរាងថ្មីទាំងស្រុងក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ប៉ុន្តែរាល់ឯកសាររចនា និងឈ្មោះអ្នកដែលបានផលិតឡាននេះ គឺត្រូវបានបំផ្លាញចោលក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដែលធ្វើឱ្យគេមិនដឹងច្បាស់ថា តើអ្នកណាជាអ្នកបង្កើតវាពិតប្រាកដនោះទេ។ ហើយវាគឺត្រូវបានគេចាត់ទុកថាជាស្នាដៃឯកផ្នែករថយន្តដ៏កម្រ និងអាថ៌កំបាំងបំផុតមួយក្នុងលោក ដែលជាទូទៅត្រូវបានគេស្គាល់ថា “The Round Door Rolls” ដោយសារតែទ្វាររាងជារង្វង់ដ៏ប្លែករបស់វា។

បើនិយាយឱ្យស្រួលយល់ទៅ ឡាន Rolls-Royce Phantom I Jonckheere Coupe នេះ គឺជាឡានចម្លែកប្រចាំត្រកូល Rolls-Royce តែម្តង ដោយខ្លួនរបស់វាមានរូបរាងវែង រចនាជាមួយពណ៌ខ្មៅរលោង និងមានទ្វារជារាងរង្វង់ជាដើម។ ជាពិសេស គឺផ្នែកខាងក្នុងនៃរថយន្តនេះ គឺត្រូវបានរចនាឡើងជាមួយពណ៌ក្រហមឆ្អៅតែម្តង។

គួរបញ្ជាក់ថា បើទោះជាមានរូបរាងចម្លែកក៏ដោយ ក៏ប៉ុន្តែបើនិយាយពីតម្លៃរបស់រថយន្តនេះវិញ ក៏ត្រូវបានគេចាត់ទុកថាជាស្នាដៃឯកផ្នែករថយន្តដ៏អស្ចារ្យមួយផងដែរ។ ជាពិសេស គឺត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ១០ ទៅ ២០ លានដុល្លារឯណ្ណោះ ខណៈក្នុងពេលបច្ចុប្បន្ន វាគឺត្រូវបានរក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទី Petersen Automotive Museum ក្នុងរដ្ឋកាលីហ្វ័រញ៉ា៕















