
Zeekr ដែលជាម៉ាក់យីហោរថយន្ដលំដាប់កំពូលរបស់ក្រុមហ៊ុន Geely បានចាប់ផ្ដើមបើកទទួលការបញ្ជាទិញ លើរថយន្ដអគ្គិសនីចំនួន២ម៉ឌែលគឺ Zeekr 007 និង Zeekr 007 GT ដែលទទួលបានការអាប់ដេតថ្មី។ ក្រុមហ៊ុនផលិតឡានអគ្គិសនីមួយនេះ ក៏កំពុងផ្ដល់ជូននូវអត្ថប្រយោជន៍ពិសេស សម្រាប់អតិថិជនដែលបានធ្វើការកក់ទុកមុនក្នុងរយៈពេលកំណត់ ដោយក្នុងនោះអនុញ្ញាតឲ្យបង់ប្រាក់ត្រឹមតែប្រហែល ២៩០ ដុល្លារ ដើម្បីទទួលបានការបញ្ចុះតម្លៃរហូតដល់ ១ ០១៥ដុល្លារនៃតម្លៃឡានសរុប។

ម៉ូឌែលទទួលបានការអាប់ដេតថ្មី Zeekr 007 និង Zeekr 007 GT គ្រោងនឹងសម្ពោធដាក់លក់ជាផ្លូវការនៅថ្ងៃទី ១០ ខែមេសា ខាងមុខនេះ ដោយវាត្រូវបានតម្លើងទៅប្រើប្រាស់ប្រព័ន្ធស្ថាបត្យកម្មសាកថ្មកម្លាំងខ្លាំង ៩០០ វ៉ុល (900-volt high-voltage architecture) កាន់តែទំនើប ដើម្បីបង្កើនសមត្ថភាពរបស់រថយន្តឲ្យកាន់តែខ្លាំង។
ជាមួយគ្នានេះរថយន្ដទាំង២ម៉ូឌែលនេះ ផ្ដល់ជាមួយជម្រើសកញ្ចប់អាគុយទំហំ 75-kWh និង 103-kWh មានសមត្ថភាពបើកបរបានចម្ងាយរហូតដល់ ៩០៥ គីឡូម៉ែត្រ ធ្វើឲ្យរថយន្ដទាំង២នេះស្ថិតក្នុងចំណោមម៉ូឌែលអគ្គិសនីមានចម្ងាយផ្លូវឆ្ងាយបំផុតក្នុងទីផ្សារប្រទេសចិន។ ម៉ូដែលអាប់ដេតទាំងពីរនេះ សុទ្ធតែគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុត 6C (Super-fast charging) អាចសាកភ្លើងពី ១០% ទៅ ៨០% ក្នុងរយៈពេលប្រហែលតែ ១០ នាទី ប៉ុណ្ណោះ។

សម្រាប់រថយន្ត Zeekr 007 ស៊េរីថ្មីនេះ មានជម្រើសម៉ូទ័រចំនួន១ និងម៉ូទ័រចំនួន២ សម្រាប់ប្រភេទប្រើប្រាស់ម៉ូទ័រ១ អាចផលិតកម្លាំងអតិបរមា ៣៧០ គីឡូវ៉ាត់ ខណៈប្រភេទប្រើប្រាស់ម៉ូទ័រ២ ត្រូវបានបូកបន្ថែមនូវកម្លាំងអតិបរមា ២១៥ គីឡូវ៉ាត់។ បន្ថែមពីនេះរថយន្ដអាចស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ ២.៧៣ វិនាទី និងត្រូវបានបំពាក់ដោយបន្ទះឈីបបើកបរវៃឆ្លាត Nvidia Drive Thor-U ដែលមានថាមពលខ្លាំងជាងមុន ដែលជាការអាប់ដេតដ៏សំខាន់ក្នុងសមត្ថភាពប្រព័ន្ធជំនួយការបើកបរ។
ងាកមកពីតម្លៃរថយន្ត Zeekr 007 មិនទាន់ទទួលការអាប់ដេតកំពុងលក់នាពេលបច្ចុប្បន្ន មានតម្លៃចាប់ផ្ដើមចន្លោះពី ២៨ ៩៥០ដុល្លារ ដល់ ៤១ ៣៥០ដុល្លារ ខណៈ Zeekr 007 GT វិញមានតម្លៃចន្លោះពី ២៧ ៩៩០ដុល្លារ ដល់ ៣២ ១២០ដុល្លារ។ ចំពោះការបើកទទួលការបញ្ជាទិញទុកមុន នៃម៉ូឌែលរថយន្ដទទួលបានអាប់ដេតថ្មីទាំងពីរនេះ កើតឡើងចំពេលដែល Zeekr ទទួលបានការងើបឡើងវិញយ៉ាងខ្លាំងនៃតុល្យភាពលក់ក្នុងខែមីនា។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធ ការលក់របស់ Zeekr សម្រេចបានដល់ ២៩ ៣១៨ គ្រឿង ក្នុងខែមីនា ដែលកើនឡើង ៩០.១១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងកើនឡើង ២២.៨៤% ធៀបនឹងខែកុម្ភៈ។ លទ្ធផលនេះបានរុញច្រានការចែកចាយសរុបរបស់ Zeekr ក្នុងត្រីមាសទីមួយនៃឆ្នាំនេះឡើងដល់ ៧៧ ០៣៧ គ្រឿង ពោលគឺកើនឡើង ៨៦% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ បច្ចុប្បន្ន ការចែកចាយសរុបរបស់ម៉ាកនេះនៅទូទាំងសកលលោក កំពុងខិតជិតដល់ ៧២០ ០០០ គ្រឿង ហើយ។
ដើម្បីជំរុញការលក់ឱ្យកាន់តែខ្លាំង បន្ថែមពីលើម៉ូដែលទាំងពីរខាងលើ ក្រុមហ៊ុនគ្រោងនឹងដាក់បង្ហាញនូវម៉ូដែល MPV លំដាប់កំពូលរបស់ខ្លួនគឺ 009 ស៊េរីអាប់ដេតថ្មី នៅក្នុងត្រីមាសទីពីរ។ ទន្ទឹមនឹងនេះដែរ ម៉ូឌែល SUV Hybrid ទីពីររបស់ខ្លួនគឺ Zeekr 8X បានចាប់ផ្ដើមបើកទទួលការបញ្ជាទិញទុកមុនកាលពីខែមុន ក្នុងតម្លៃចាប់ផ្ដើម ប្រហែល ៥១ ៩៥០ដុល្លារ ហើយរំពឹងថានឹងវាយលុកទីផ្សារក្នុងត្រីមាសទីពីរដូចគ្នា៕

















