ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ រថយន្ដ Avatr ដំបូងគេបំពាក់នូវបច្ចេកវិទ្យា Lidar ជំនាន់ថ្មីរបស់ Huawei បើកទទួលការកក់នៅចិនក្នុងតម្លៃចាប់ពី ៣មុឺនដុល្លារ

រថយន្ដ Avatr ដំបូងគេបំពាក់នូវបច្ចេកវិទ្យា Lidar ជំនាន់ថ្មីរបស់ Huawei បើកទទួលការកក់នៅចិនក្នុងតម្លៃចាប់ពី ៣មុឺនដុល្លារ

ក្រុមហ៊ុន Avatr បានបើកទទួលការបញ្ជាទិញទុកមុនសម្រាប់រថយន្តប្រភេទ Wagon ម៉ូឌែល 06T ជាផ្លូវការផ្ដល់មកជាមួយជម្រើសរហូតដល់ ៤ម៉ូឌែល ក្នុងតម្លៃចន្លោះពី ៣១ ៨០០ ដល់ ៣៨ ៧០០ ដុល្លារ។ បន្ថែមពីនេះយោងតាមគេហទំព័រ D-Auto បានឲ្យដឹងថា រថយន្តនេះគ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ២២ ខែមេសា ខាងមុខនេះ។

រថយន្ត Avatr 06T ត្រូវបានរចនាឡើងជាប្រភេទ Wagon ដែលអភិវឌ្ឍចេញពីម៉ូឌែល Sedan (Avatr 06) ដោយវាមានរូបរាងផ្នែកខាងក្រោយបែប Fastback ជាមួយនឹងទ្វារក្រោយធំទូលាយ ជាជាងរូបរាងបែបប្រអប់ (Boxy) ដូចរថយន្ត Estate ប្រពៃណី។ រីឯការរចនាផ្នែកខាងក្រៅនៅផ្នែកខាងមុខ គឺនៅរក្សាភាពស្រដៀងគ្នាស្ទើរតែទាំងស្រុងរួមមានទាំងអំពូលបំភ្លឺពេលថ្ងៃរាងជា “លេខ ៧” ដែលជាអត្តសញ្ញាណរបស់ម៉ាកនេះផងដែរ។

ការផ្លាស់ប្តូរគឺផ្ដោតសំខាន់ទៅលើផ្នែកខាងក្រោយ ដែលមានដំបូលវែងជាងមុន រួមជាមួយកាងលើដំបូល ជាស្តង់ដារ អាចទ្រទម្ងន់បាន ៧៥ គីឡូក្រាម ដើម្បីបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់។ ចំពោះទំហំឃ្លប់ដាក់ឥវ៉ាន់វិញមានចំណុះរហូតដល់ ៥១៧លីត្រ។ លើសពីនេះ Avatr 06T ក៏បានស្ដុបរចនាអូសកាត់ពេញទទឹងផ្នែកខាងក្រោយនិងបន្ថែមជាមួយកាងខាងក្រោមបែបស្ព័រផងដែរ។

រថយន្ដម៉ូឌែលថ្មីនេះបានបំពាក់នូវប្រព័ន្ធបើកបរឆ្លាតវៃ និងប្រព័ន្ធកាប៊ីនបញ្ជាចុងក្រោយបង្អស់របស់ Huawei។ វាមានបំពាក់នូវសេនស័រ 896-line Lidar ជំនាន់ថ្មី ដំណើរការជាមួយប្រព័ន្ធជំនួយការបើកបរ ADS 4.1។ ផ្នែកខាងក្នុង រថយន្តនេះបំពាក់ជាមួយអេក្រង់បញ្ជាកណ្តាលទំហំ ១៥.៦ អុីង និងអេក្រង់កុងទ័រវែងជាប់គ្នាទំហំ ៣៥.៤ អុីង។ ប្រព័ន្ធបញ្ជានៅផ្នែកខាងក្នុងដំណើរដោយប្រព័ន្ធ HarmonySpace 5 ដំណើរការរួមគ្នាជាមួយបច្ចេកវិទ្យា AI MoLA large model របស់ Huawei។ កៅអីជួរមុខមានមុខងារសម្រាកបែប “Zero-gravity” ខណៈកៅអីជួរក្រោយមានមុខងារកម្ដៅ បញ្ចេញខ្យល់ត្រជាក់ និងម៉ាស្សា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមការទម្លាយព័ត៌មានកាលពីពេលថ្មីៗនេះបានបង្ហាញថា 06T នឹងក្លាយជាម៉ូឌែលដំបូងគេមួយរបស់ Avatr ដែលបំពាក់នូវបច្ចេកវិទ្យា Lidar ជំនាន់ថ្មីរបស់ Huawei ដែលធ្វើឲ្យរថយន្តនេះស្ថិតក្នុងចំណោមរថយន្តដែលមានបច្ចេកវិទ្យាទំនើបបំផុតចុងក្រោយបង្អស់របស់ប្រេនរថយន្ដ Avatr។ បន្ថែមពីនេះម៉ូឌែល 06T នៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រប្រព័ន្ធចលនាពីរជម្រើសរបស់ Avatr ដោយមានផ្ដល់ជូនទាំងប្រភេទរថយន្តអគ្គិសនីសុទ្ធ (Battery-electric – BEV) និងប្រភេទរថយន្តប្រើម៉ាស៊ីនជំនួយផលិតថាមពលអគ្គិសនី (Extended-range – EREV)។

បើនិយាយពីម៉ូឌែលប្រើអគ្គិសនីសុទ្ធមានជម្រើសប្រើប្រាស់ម៉ូទ័រពីរនិងម៉ូទ័របី។ ចំពោះម៉ូឌែលកំពូល ផ្ដល់នូវកម្លាំងសរុបប្រហាក់ប្រហែលនឹងទិន្នន័យដែលបានរាយការណ៍ពីមុនគឺខ្ទង់ ៩៥៥ សេះ អាចសន្ទុះល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ២,៧៨ វិនាទី ប៉ុណ្ណោះ។

សម្រាប់ម៉ូដែល Extended-range (EREV) ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ 1.5T ផ្គូរផ្គងជាមួយអាគុយទំហំ ៤៥.០៦ kWh ដអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៣៣០គីឡូម៉ែត្រ និងមានចម្ងាយផ្លូវសរុបរហូតដល់ ១ ២៥០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ CLTC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម