អ្នកមានបណ្ណបើកបរប្រភេទ គ ឃ ឬ ង ដែលមានសុពលភាពត្រឹម ៥ឆ្នាំគឺអាចសុំប្តូរយកបណ្ណបើកបរប្រភេទ ខ បាន ដែលមានសុពលភាពរហូតដល់ ១០ឆ្នាំ។ ប៉ុន្តែអ្នកដែលមានបណ្ណបើកបរប្រភេទ ខ រួចហើយ និងចង់ស្នើសុំយកបណ្ណបើកបរប្រភេទ គ ឃ ង គឺត្រូវការប្រឡង និងរៀនបន្ថែមទៀត ពោលគឺត្រូវមានវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរ។

គួរដឹងថា បណ្ណបើកបរប្រភេទខៈ សម្រាប់រថយន្តដឹកអ្នកដំណើរមិនលើសពី ៩នាក់ ដោយគិតទាំងអ្នកបើកបរ។
ប្រភេទគៈ សម្រាប់រថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន។
ប្រភេទឃៈ សម្រាប់រថយន្តដឹកអ្នកដំណើរ ដោយបែងចែកជាប្រភេទ ឃ១ និងឃ២។ ក្នុងនោះ ឃ១ សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី១០នាក់ដល់ ២០នាក់ ដោយគិតទាំងអ្នកបើកបរ។ ចំណែក ឃ២ សម្រាប់រថយន្តដឹកអ្នកដំណើរលើសពី ២០នាក់ ដោយគិតទាំងអ្នកបើកបរ។
ប្រភេទ ងៈ គឺអាចបើកបររថយន្តប្រភេទ ខ គ និង ឃ មានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាលើសពី ០,៧៥តោន ហើយត្រូវចែកជា ៣ប្រភេទ គឺប្រភេទ ង(ខ) ង(គ) និង ង(ឃ)។

អ្នកកាន់បណ្ណបើកបរ ត្រូវបានកំណត់ចាប់ពីអាយុ ១៨ឆ្នាំយ៉ាងតិច ចំពោះប្រភេទ ក និង ខ, អាយុ ២២ឆ្នាំយ៉ាងតិច ចំពោះប្រភេទ គ និង ឃ១ និងអាយុ ២៤ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ ឃ២ និង ង៕

















