
នេះគឺជា BMW M3 Squared ដែលជារថយន្ត BMW មានទទឹងធំបំផុតរហូតដល់ទៅ ១០ ហ្វ៊ីត ឬជិត ៣ ម៉ែត្រ។ រថយន្តនេះ ត្រូវបានបង្កើតឡើងដោយអ្នកច្នៃប្រឌិតជនជាតិចិនមួយក្រុម ដោយពួកគេគឺបានយកគ្រោងឆ្អឹងរបស់ឡាន Volkswagen Lamando 5XL ដែលច្នៃរួចមួយគ្រឿង មកកាត់ផ្សារចាប់ជាមួយតួ ឬសំបករបស់ឡាន BMW M3 G80 ។ ជារួម ពួកគេគឺបានប្រែក្លាយរថយន្ត BMW ដែលធ្លាប់តែមានប៉ាណាច្រមុះ ២ប្រឡោះ ឲក្លាយជារថយន្តដែលមានច្រមុះរហូតដល់ ៤ ប្រឡោះឯណ្ណោះ។

គួរបញ្ជាក់ថា បើទោះបីជាមើលពីក្រៅឃើញមានរូបរាងធំយ៉ាងណាក៏ដោយ ប៉ុន្តែធាតុពិតវិញ រថយន្តនេះ គឺមិនបានប្រើនូវម៉ាស៊ីនដើមរបស់ខ្លួនឡើយ ពោលគឺប្រើតែម៉ាស៊ីនទំហំ ១,៤ លីត្រ ដែលមានកម្លាំងត្រឹមតែ ១៥០ សេះ ប៉ុណ្ណោះ។

សរុបមក ឡាន BMW M3 នេះ គឺត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីដាក់តាំងពិព័រណ៍ និងធ្វើជាមាតិកាវីដេអូកម្សាន្តលើបណ្តាញសង្គមប៉ុណ្ណោះ ដោយវាមិនត្រូវបានអនុញ្ញាតឱ្យបើកបរលើផ្លូវសាធារណៈឡើយ ព្រោះអាចបង្កគ្រោះថ្នាក់ និងស្ទះចរាចរណ៍ដល់អ្នកដទៃ៕























