អ្នកបើកបរ មិនត្រូវចេះតែចត ឬឈប់យានជំនិះរបស់ខ្លួនតាមចិត្តចង់ ដោយមិនខ្វល់ពីស្ថានភាពចរាចរណ៍នៅលើផ្លូវនោះឡើយ ពោលគឺត្រូវដឹងពីផ្លាកសញ្ញា គំនូសសញ្ញា ជាពិសេសទីកន្លែងដែលមិនត្រូវចត ឬឈប់ជាដាច់ខាត ដែលអាចបណ្តាលឲ្យមាន ការកកស្ទះ និងឈានដល់គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុទៀតផង។ សម្រាប់ផ្លាកសញ្ញារួមមាន
១. ហាមចត ប៉ុន្តែអ្នកបើកបរអាចឈប់ដាក់មនុស្ស ឬទំនិញឡើងចុះបានក្នុងរយៈពេលចាំបាច់
និង ២. ផ្លាកសញ្ញា ហាមឈប់ ដែលយានជំនិះគ្រប់ប្រភេទ ហាមឈប់ ដាច់ខាត។

ក្រៅពីផ្លាកសញ្ញា ក៏មានគំនូសសញ្ញាលើគែមចិញ្ចើមផ្លូវដែរ ក្នុងនោះ គំនូសសញ្ញាទោល លឿង-ស ប្រើសម្រាប់ការហាមចត និងគំនូសសញ្ញាទោល ក្រហម-ស ប្រើសម្រាប់ការហាមឈប់។
យ៉ាងណាមិញ ប្រសិនបើមិនឃើញសញ្ញាចរាចរណ៍ទាំងនេះទេ អ្នកបើកបរត្រូវដឹងថា នៅក្នុងទីប្រជុំជន គឺត្រូវឈប់ឬចតដាក់ទំនិញ ឬមនុស្សឡើងចុះនៅចម្ងាយមិនលើសពី ២៥សង់ទីម៉ែត្រពីគែមចិញ្ចើមផ្លូវ និងយ៉ាងតិច ៥ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង និងចន្លោះយ៉ាងតិច ១០ម៉ែត្រពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោងនៃមហាវិថី។ ចំណែកនៅក្រៅទីប្រជុំជន ត្រូវឈប់ ឬចតយ៉ាងតិចបំផុត ១០ម៉ែត្រ ពីផ្លូវប្រសព្វ ឬផ្លូវបត់ ឬផ្លូវកោង។ នេះបើយោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
បន្ថែមពីនេះទៀត អ្នកបើកបរមិនត្រូវឈប់ ឬចត នៅតាមទីកន្លែងដូចជា៖ -នៅជិតបង្គោលភ្លើងសញ្ញាចរាចរណ៍ ឬផ្លាកសញ្ញាចរាចរណ៍ -នៅគ្រប់ទីកន្លែងដែលធ្វើឲ្យរាំងស្ទះដល់ច្រកចេញចូលនៃយានដទៃទៀត -នៅលើស្ពាន ផ្លូវក្រោមស្ពាន ផ្លូវរូង ផ្លូវប្រសព្វ ផ្លូវរថភ្លើង ផ្លូវក្នុងរង្វង់មូល ផ្លូវកោងខ្លាំង និងផ្លូវចោតខ្លាំង -នៅលើទ្រូងផ្លូវមុខច្រកចេញចូលផ្ទះឯកជន និងច្រកចេញចូលនៃអគារសាធារណៈជាដើម៕
















