
ក្រុមហ៊ុន Changan បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ប្លែកមួយនៅក្នុងព្រឹត្តិការណ៍ World Cup នៅក្នុងប្រទេសចិន ដោយបានសន្យាថានឹងផ្តល់ជូនរថយន្តម៉ាក Deepal ចំនួន ១ គ្រឿង ឥតគិតថ្លៃ រាល់ពេលដែលក្រុមជម្រើសជាតិព័រទុយហ្គាល់ស៊ុតបញ្ចូលទីបាន ១គ្រាប់នៅក្នុងការប្រកួតពានរង្វាន់ World Cup ឆ្នាំ២០២៦។ គួររំលឹកផងដែរក្រុមហ៊ុនផលិតរថយន្តចិនមួយនេះ បានក្លាយជា «ដៃគូផ្លូវការកម្រិតសកល» ជាមួយក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងយុទ្ធសាស្ត្រមួយ កាលពីខែឧសភាកន្លងទៅ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្វីៗតែងតែមានលក្ខខណ្ឌលម្អិតបង្កប់នៅពីក្រោយហើយពាក្យថាទទួលបានរថយន្ដ «ឥតគិតថ្លៃ» គឺអ្នកឈ្នះរង្វាន់នឹងទទួលបានត្រឹមតែសិទ្ធិក្នុងការប្រើប្រាស់រថយន្ត Deepals នោះក្នុងរយៈពេល ១ឆ្នាំ ដែលមានតម្លៃស្មើនឹងការជួលជិះដោយឥតគិតថ្លៃ មិនមែនទទួលបានសិទ្ធិជារបស់រថយន្ដនោះទេ។ មិនតែប៉ុណ្ណោះ អ្នកចូលរួមទាំងអស់ ដើម្បីមានឱកាសចាប់ឆ្នោតផ្សេងសំណាងនេះ ត្រូវតែទៅធ្វើការបើកបរសាកល្បងរថយន្ត Deepal នៅឯតំណាងចែកចាយណាមួយក្នុងប្រទេសចិន ដើម្បីចុះឈ្មោះចូលរួមកម្មវិធីនេះផងដែរ។
បន្ដែមពីនេះយោងតាមការបញ្ជាក់ពីក្រុមហ៊ុន Deepal បានឲ្យដឹងថា រថយន្តចំនួន ១ គ្រឿង នឹងត្រូវដាក់ចូលក្នុងកញ្ចប់រង្វាន់ សម្រាប់រាល់គ្រាប់បាល់ ១គ្រាប់ដែលព័រទុយហ្គាល់ស៊ុតចូល។ ចំពោះគ្រាប់បាល់ដែលកើតឡើងពីការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ជាវគ្គស្វែងរកអ្នកឈ្នះចាញ់បន្ទាប់ពីការប្រកួតស្មើគ្នានោះ គឺមិនត្រូវបានរាប់បញ្ចូលឡើយ ពីព្រោះចំនួនគ្រាប់បាល់នៅក្នុងវគ្គនោះ ជារឿយៗតែងតែមានចំនួនច្រើនជាងការប្រកួតក្នុងម៉ោងធម្មតា៕




















