ពោងខ្យល់សុវត្ថិភាព គឺជាមុខងារមួយរបស់រថយន្តមួយដែលត្រូវបានរចនាឡើងឲ្យវាផ្ទុះបំប៉ោងចេញមកក្រៅដោយស្វ័យប្រវត្តិដើម្បីការពារអ្នកបើកបរ និងអ្នករួមដំណើរក្នុងរថយន្ត នៅពេលមានគ្រោះថ្នាក់បុកទង្គិចគ្នាជាមួយនឹងយានយន្តដទៃ ឬវត្ថុអ្វីមួយ។ វាជាពោងខ្យល់ការពារអ្នកនៅក្នុងរថយន្ត ដោយកាត់បន្ថយការបុកទង្គិចខ្លាំងផ្ទាល់នូវរបស់រឹងៗក្នុងកាប៊ីនដូចជា ចង្កូត និងតាបឡូជាដើម។
ការបំពាក់ពោងខ្យល់សុវត្ថិភាព ធ្វើឡើងនៅតាមទីតាំងផ្សេងៗក្នុងកាប៊ីនរថយន្ត ដូចជា ពោងខ្យល់ខាងមុខ ពោងខ្យល់ផ្នែកចំហៀង ពោងខ្យល់វាំងននចំហៀង ពោងខ្យល់ជង្គង់ ពោងខ្យល់កណ្តាលនិងខាងក្រោយ ដោយអាស្រ័យទៅលើប្រភេទរថយន្តនីមួយៗ។
សម្រាប់ដំណើរការនៃការរលាស់ ឬផ្ទុះពោងខ្យល់នេះចេញ គឺមានសេនស័រក្នុងរថយន្ត ធ្វើការត្រួតពិនិត្យជាប្រចាំសម្រាប់ការបុកទង្គិចគ្នាភ្លាមៗ ដែលប្រព័ន្ធ Airbag Control Unit ឬ ACU របស់រថយន្ត នឹងកំណត់បានភ្លាម ប្រសិនបើកម្លាំងប៉ះទង្គិចនោះ គឺសមស្របទៅនឹងភាពចាំបាច់ខ្លាំងសម្រាប់ការផ្ទុះពោងខ្យល់ចេញ។ ប្រព័ន្ធ ACU នោះ នឹងបញ្ជូនសញ្ញាអេឡិចត្រិចទៅឲ្យឧបករណ៍បំប៉ោងពោង ហៅថា Inflator បង្កឲ្យមានប្រតិបត្តិគីមីយ៉ាងរហ័ស។ ប្រតិកម្មនេះ គឺបង្កើតឧស្ម័ននីត្រូហ្សែនចូលក្នុងពោងនូវវិនាទីដ៏លឿនបំផុត ហើយផ្ទុះបំប៉ោងចេញមក។ ភ្លាមៗបន្ទាប់មក ពោងក៏ត្រូវធូរស្ពែតចេញខ្យល់វិញតាមរន្ធ ដើម្បីឲ្យអ្នកនៅក្នុងកាប៊ីនរថយន្ត អាចដកដង្ហើម និងចាកចេញបាន។

យ៉ាងណាមិញ វាក៏មានករណីមួយចំនួនផងដែរ ដែលពោងខ្យល់មិនដំណើរការ នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖
១. ពោងខ្យល់ ត្រូវបានឌីហ្សាញដោយធ្វើការរួមគ្នាជាមួយនឹងការពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាទីតាំងអ្នកដែលអង្គុយក្នុងរថយន្ត ដើម្បីអាចឲ្យពោងខ្យល់ការពារសុវត្ថិភាពបាននៅពេលផ្ទុះបំប៉ោង។ ដូច្នេះ ប្រសិនអ្នកក្នុងរថយន្តមិនបានពាក់ខ្សែក្រវាត់ទេនោះ ប្រព័ន្ធពោងខ្យល់នឹងកំណត់ថា ពេលផ្ទុះបំប៉ោងពោង វានឹងបង្កគ្រោះថ្នាក់កាន់តែខ្លាំងទៅវិញទេ។
២. កំហូចប្រព័ន្ធពោងខ្យល់ ដែលអាចមានផ្នែកណាមួយបានខូចក្នុងប្រព័ន្ធនេះ ដូចជា សេនស័រ, Inflator ឬមានការដាច់ខ្សែជាដើម បណ្តាលឲ្យពោងខ្យល់មិនអាចដំណើរការបានឡើយ។ ក្នុងករណីខ្លះ វានឹងលេចចេញសញ្ញាព្រមានពោងខ្យល់ផងដែរ ដោយលោកអ្នកគួរយកចូលការ៉ាស់ដើម្បីត្រួតពិនិត្យជួសជុល។
៣. រថយន្តនោះធ្លាប់មានគ្រោះថ្នាក់ ហើយពោងខ្យល់បានផ្ទុះបំប៉ោងរួចហើយ ប៉ុន្តែម្ចាស់រថយន្តមិនបានយកទៅជួសជុលប្តូរថ្មី ដូច្នេះពេលជួបគ្រោះថ្នាក់ទៀត វាមិនអាចដំណើរការទៀតបានឡើយ។
៤. ប្រសិនបើការបុកទង្គិចគ្នា ឬមានគ្រោះថ្នាក់ស្រាលៗមិនធ្ងន់ធ្ងរទេនោះ សេនស័រនៃប្រព័ន្ធពោងខ្យល់នឹងកំណត់ដឹងដោយមិនអនុញ្ញាតឲ្យផ្ទុះបំប៉ោងចេញនោះទេ ដើម្បីការបន្ថយការចំណាយលើការជួសជុល ពោលគឺត្រឹមតែការពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវ គឺគ្រប់គ្រាន់ការពារបានហើយ។
៥. ពោងខ្យល់ត្រូវបានឌីហ្សាញជាពិសេសសម្រាប់ការពារមនុស្សក្នុងរថយន្ត ពីការបុកខាងមុខ។ ប៉ុន្តែប្រសិនបើរថយន្តនោះត្រូវបានយានយន្តផ្សេងបុកពីចំហៀង ឬខាងក្រោយ នោះពោងខ្យល់ពេលខ្លះក៏មិនដំណើរការដែរ។
៦. រថយន្តមួយចំនួន ត្រូវបានអនុញ្ញាតឲ្យបិទមុខងារពោងខ្យល់ ក្រោមហេតុផលសុវត្ថិភាពមួយ គឺនៅពេលមានកូនក្មេងអង្គុយខាងមុខ ដូច្នេះនៅពេលមានគ្រោះថ្នាក់បុកទង្គិចណាមួយ នោះពោងខ្យល់ក៏មិនផ្ទុះបំប៉ោងដែរ៕
















