
ប្រសិនបើអ្នកបានទិញរថយន្តថ្មី និងបានយកទៅចុះបញ្ជី ដោយទទួលបានបណ្ណសម្គាល់យានជំនិះ ឬកាតគ្រីរួចរាល់ហើយ អ៉ីចឹងថាតើ កាតគ្រីនេះ មានរយៈពេលកំណត់ដែលត្រូវយកទៅបន្តសុពលភាពដូច បណ្ណបើកបរ និងឆៀកដែរឬទេ?

បណ្ណសម្គាល់យានជំនិះ ឬកាតគ្រី មិនមានរយៈពេលកំណត់ឡើយ គឺអាចប្រើបានរហូត។ ប៉ុន្តែវានឹងមិនអាចត្រូវប្រើប្រាស់បានបន្តទៀតឡើយ ឬត្រូវផ្លាស់ប្តូរថ្មីតែម្តងក្នុងករណីមួយចំនួន។ យោងតាមអនុក្រឹត្យ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ឲ្យដឹងថា ក្នុងករណីយានជំនិះ ត្រូវបាននាំចេញទៅក្រៅប្រទេស ឬខូច គឺម្ចាស់ត្រូវបំពេញកាតព្វកិច្ចលុបចេញពីបញ្ជីដោយនាំយមកនូវបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខ អមនឹងលិខិតបញ្ជាក់អំពីមូលហេតុនៃការលុបចេញពីបញ្ជី ទៅទីតាំងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ចំណែកករណីដែលត្រូវផ្លាស់ប្តូរបណ្ណសម្គាល់យានជំនិះនោះ គឺក្នុងពេលដែលយានជំនិះត្រូវបានផ្ទេរកម្មសិទ្ធិ ឬប្តូរពណ៌ ប្តូរម៉ាស៊ីន ឬប្តូរអសយដ្ឋានស្នាក់នៅអចិន្រ្តៃយ៍។ ជាមួយគ្នានេះ បណ្ណសម្គាល់យានជំនិះ ក៏ត្រូវតែផ្លាស់ប្តូរថ្មីផងដែរ ប្រសិនបើវាបានបាក់ រហែក រលុបអក្សរ ឬលេខ ដោយម្ចាស់ត្រូវដាក់ពាក្យសុំប្តូរ។ យ៉ាងណាមិញ បើក្នុងករណីដែលបណ្ណសម្គាល់យានជំនិះបានបាត់វិញ គឺម្ចាស់ត្រូវដាក់ពាក្យសុំធ្វើទុតិយតា ដើម្បីធ្វើបណ្ណថ្មី ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណ លិខិតបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលនៅកន្លែងដែលបាត់ និងឆៀក៕



















