ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ រោងចក្រ ៣ប្រភេទ កំពុងធ្វើឲ្យកម្ពុជា ក្លាយជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រក្នុងតំបន់

រោងចក្រ ៣ប្រភេទ កំពុងធ្វើឲ្យកម្ពុជា ក្លាយជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រក្នុងតំបន់

ប្រទេសកម្ពុជា កំពុងវិវត្តទៅជាមូលដ្ឋានផលិតកម្មថ្មីសម្រាប់ឧស្សាហកម្មយានយន្ត និងឧស្សាហកម្មគាំទ្រនៅក្នុងតំបន់ ដោយសារកំណើនជាបន្តបន្ទាប់នៃការវិនិយោគបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត រោងចក្រផលិតសំបកកង់រថយន្ត និងរោងចក្រផលិតគ្រឿងបង្គុំយានយន្ត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផ្គុំដំឡើងរថយន្តរបស់ក្រុមហ៊ុន KNN Automotive Co., Ltd នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រទាំងអស់នេះ បានចូលរួមចំណែកបង្កើតការងារ ផ្ទេរបច្ចេកវិទ្យា អភិវឌ្ឍធនធានមនុស្ស និងពង្រឹងការចូលរួមរបស់កម្ពុជាក្នុងខ្សែច្រវាក់តម្លៃសកល។

សូមជម្រាបថា រោងចក្ររបស់ក្រុមហ៊ុន KNN នេះ គឺជារោងចក្រដំឡើងរថយន្ត Jetour ដែលមានទុនវិនិយោគសរុប ២៨ លានដុល្លារអាមេរិក លើផ្ទៃដីសរុប ១០ ហិកតា ដែលរំពឹងថានឹងចាប់ផ្តើមខ្សែសង្វាក់ផលិតកម្មនៅដើមឆ្នាំ ២០២៧។

បើតាមការផ្សាយរបស់ផេក Jetour Cambodia ឲ្យដឹងថា រោងចក្រនេះត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិទ្យាជំនាន់ចុងក្រោយ ដែលមានសមត្ថភាពផលិត និងដំឡើងរថយន្តបានជាង ២០,០០០ គ្រឿងក្នុងមួយឆ្នាំ។ រោងចក្រនេះមានសមត្ថភាពអាចផ្គុំដំឡើងរថយន្តច្រើនប្រភេទ រួមមាន រថយន្តប្រភេទចំហេះក្នុង (សាំង) ប្រភេទអគ្គីសនីលាយសាំង (PHEV) និងប្រភេទអគ្គីសនីសុទ្ធ (EV) គ្រប់ប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាការត្រៀមខ្លួនសម្រាប់នាំចេញទៅកាន់ទីផ្សារតំបន់អាស៊ាននាពេលអនាគត។

ក្នុងខណៈដែលកម្ពុជា កំពុងទទួលបានការវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្តជាបន្តបន្ទាប់មក នាពេលអនាគត កម្ពុជាក៏នឹងអាចក្លាយជាជាទីតាំងផលិតរថយន្ត Hybrid និងមជ្ឈមណ្ឌលគ្រឿងបង្គុំ រថយន្តចំហេះក្នុងសម្រាប់តំបន់អាស៊ានផងដែរ។ នេះបើតាមការលើកឡើងរបស់អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Denso International Asia បានថ្លែងក្នុងកិច្ចប្រជុំមួយកាលពីខែមីនាកន្លងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម