Ford F-150 Raptor គឺជារថយន្តភីកអាប់កម្លាំងខ្លាំង និងមានរូបរាងយ៉ាងអង់អាចបំផុត ប៉ុន្តែមានប្រទេសជាច្រើនដែលមិនអាចរកទិញរថយន្តនេះបាន ក្នុងនោះមានប្រទេសថៃផងដែរ។ ដូចនេះទើបហាងមួយឈ្មោះ TTN Hypersport បានបង្កើតនូវ F-150 Raptor ផ្ទាល់ខ្លួន ដែលច្នៃចេញពី Ranger Raptor។
គេបានយក Ford Ranger Raptor ដែលមានលក់ទូលំទូលាយនៅប្រទេសថៃ មកកែមុខមាត់ឲ្យដូចជា F-150 Raptor យ៉ាងអ៊ីចឹង ខុសគ្នាតែទំហំរថយន្តប៉ុណ្ណោះ។ នៅផ្នែកខាងមុខគេបានប្ដូរមកប្រើប្រាស់អំពូលភ្លើងរបស់ F-150 Raptor, ប្ដូរកាងមុខ និងផ្ទាំងប៉ាណាយក្សដែលជាអត្តសញ្ញាណដ៏លេចធ្លោរបស់ F-150 Raptor។ នៅផ្នែកខាងក្រោយក៏មានការប្ដូរចង្កៀងមកប្រើម៉ូដដូចជា F-150 Raptor ផងដែរ។
ក្រៅពីការបន្ថែមគ្រឿងឲ្យ Ranger Raptor មានមុខមាត់ដូចជា F-150 Raptor ក្រុមហ៊ុន TTN Hypersport ក៏មានផ្ដល់ជូនអតិថិជននូវការលេងរថយន្តតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ឧទាហរណ៍ដូចឃើញក្នុងរូបភាព រថយន្តជាច្រើនគឺមានបំពាក់នូវកង់ដែលមានទំហំធំខុសពីធម្មតា ហើយទំនងជាមានការផ្លាស់ប្ដូរលើប្រព័ន្ធបូមផងដែរ។ ចំពោះតម្លៃនៃការកែមុខមាត់ពី Ranger Raptor ទៅជា F-150 Raptor គេមិនដឹងថាត្រូវចំណាយអស់ប៉ុន្មាននោះទេ ប៉ុន្តែលទ្ធផលឃើញថាជាទីពេញចិត្តតែម្ដង៕