
រថយន្ត Huawei Stelato G9 កើតចេញពីជាកិច្ចសហការរវាងក្រុមហ៊ុន Huawei និង BAIC បានចាប់ផ្តើមបើកទទួលការបញ្ជាទិញទុកមុននៅក្នុងប្រទេសចិន ក្នុងតម្លៃប្រមាណ ៦៥ ១២០ ដុល្លារ។
រថយន្ត SUV បែប Off-road មានជម្រើសប្រើសាំងលាយអគ្គិសនី (EREV) និងអគ្គិសនីសុទ្ធ (BEV) មានសមត្ថភាពអាចផលិតកម្លាំងអតិបរមារហូតដល់ 437 kW (586 សេះ)។ Stelato G9 ត្រូវបានបំពាក់នូវបច្ចេកវិទ្យាទំនើបៗយ៉ាងសម្បូរបែបរបស់ក្រុមហ៊ុន Huawei។ គួរបញ្ជាក់ផងដែរ Stelato គឺជាម៉ាកយីហោរថយន្តកម្រិតកំពូលមួយ កើតចេញពីកិច្ចសហការរវាងក្រុមហ៊ុន Huawei និង BAIC ដោយបានដាក់សម្ពោធនៅក្នុងឆ្នាំ ២០២៤ ជាមួយនឹងការដាក់លក់រថយន្ដម៉ូឌែលដំបូងគេជាប្រភេទ Sedan ដែលមានឈ្មោះថា S9។
ស្ថិតក្នុងនាមជារថយន្ដ SUV បែប Off-road Stelato G9 បាប្រើប្រាស់តួរថយន្តជាប្រភេទ (Monocoque) ដោយគ្មានមិនតួរថយន្តដាច់ដោយឡែកនោះទេ។ ក្រឡេកទៅមើលវិមាត្រខាងក្រៅរថយន្ដនេះមានប្រវែងបណ្ដោយ ៥ ២០៦ ម.ម, ទទឹង ២ ០៥០ ម.ម, កម្ពស់ ១ ៨៩៧ ម.ម និងមានប្រវែងគម្លាតកង់មុខក្រោយ ៣ ១៦០ ម.ម។ បន្ថែមពីនេះរថយន្តនេះមានមុំចុះទួល ២៣ដឺក្រេ ហើយមុំឡើងទួល ២៦ ដឺក្រេ និងសមត្ថភាពអាចបើកបរចុះទឹកបានជម្រៅអតិបរមារហូតដល់ ៩០០ ម.ម ផ្ដល់នូវភាពងាយស្រួលក្នុងការបើកបរជាមួយស្ថានភាពផ្លូវពិបាកៗ។
ចំពោះកម្រិតសមត្ថភាព Stelato G9 ប្រភេទ EREV ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១.៥លីត្រ Turbo ដំណើររួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន កម្លាំងសរុប 437 kW (586 សេះ) និងបានបំពាក់ជាមួយអាគុយទំហំ 75 kWh ប្រើអគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៤០៥ គ.ម គិតតាមស្តង់ដារវាស់ចម្ងាយ CLTC តែប្រើអគ្គិសនីលាយសាំងអាចបើកបរបានចម្ងាយ ១ ៣៦៦ គ.ម។ វាប្រើប្រាស់ម៉ូទ័រអគ្គិសនីគូ បើកបរប៉ុងពីរ (AWD) ដែលមានកម្លាំងសរុប 437 kW (586 សេះ)។ ចំណែកឯម៉ូឌែល BEV វិញ ប្រើប្រាស់ម៉ូទ័រអគ្គិសនីដូចគ្នាប្រភេទ EREV ប៉ុន្តែបានបំពាក់អាគុយទំហំ 120 kWh សាកមួយពេញអាចបើកបរបានចម្ងាយ ៧២៨ គ.ម គិតតាមស្តង់ដារវាស់ចម្ងាយ CLTC៕
























