ការដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬឆៀក គឺអាចធ្វើតាមអនឡាញបានតែម្តង ដោយមិនចាំបាច់ត្រូវចំណាយពេលបំពេញពាក្យនៅទីតាំងផ្ទាល់នោះទេ។
គួរដឹងថា ការដាក់ពាក្យឆៀកតាមអនឡាញ គឺជាការស្នើសុំបំពេញបែបបទ ដោយខ្លួនឯងតាមរយៈគេហទំព័រ techinspection .mpwt.gov.kh របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួចធ្វើការណាត់ជួបនៅតាមមណ្ឌលឆៀកណាមួយ ដើម្បីយកយានយន្តទៅឆៀក។

ជំហាននៃការដាក់ពាក្យឆៀកតាមអនឡាញ រួមមាន៖
ជំហានទី១៖ បង្កើតគណនី
ជំហានទី២៖ បំពេញព័ត៌មានយានយន្ត និងអាប់ឡូតឯកសារតម្រូវ
ជំហានទី៣៖ ជ្រើសរើសមណ្ឌលឆៀក និងកាលបរិច្ឆេទឆៀក
ជំហានទី៤៖ បង់ប្រាក់សម្រាប់សេវាឆៀក តាមធនាគារជាដៃគូ
ជំហានទី៥៖ ព្រីនឯកសារស្នើសុំ និងវិក្ក័យបត្រនោះ ចេញមកក្រៅ។
ដល់ថ្ងៃដែលត្រូវយករថយន្តទៅឆៀក គឺត្រូវភ្ជាប់ឯកសារទៅជាមួយរួមមាន ពាក្យស្នើសុំ និងវិក្កយបត្រដែលបានព្រីនចេញមក, បណ្ណសម្គាល់យានជំនិះ និងវិញ្ញាបនបត្រឆៀកចាស់ ដើម្បីបង្ហាញដល់បុគ្គលិកឆៀកធ្វើការពិនិត្យ សម្រាប់ការបន្តសុពលភាពឆៀក។ ចំណែករថយន្តថ្មីដែលទើបតែឆៀកលើកដំបូង ដែលមិនទាន់ចុះបញ្ជី គឺត្រូវភ្ជាប់មកជាមួយ បង្កាន់ដៃពន្ធយានយន្ត និងអត្តសញ្ញាណបណ្ណ។ បន្ទាប់មក គឺអាចយករថយន្តចូលឆៀកតែម្តង ដោយប្រើរយៈពេលប្រហែល ៥ ទៅ ១០នាទីតែប៉ុណ្ណោះ៕




















