កម្មវិធីតាំងបង្ហាញរថយន្តទ្រង់ទ្រាយធំត្រូវបានគេមើលឃើញថាមិនសូវទទួលបានផលចំណេញដល់ក្រុមហ៊ុនដែលចូលរួមប៉ុន្មានទេ ហើយពេលនេះ Lamborghini បានសម្រេចចិត្តថានឹងលែងចូលរួមកម្មវិធីប្រភេទនេះតទៀតហើយ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Autocar India ប្រធានផ្នែកទីផ្សារនិងទំនាក់ទំនងរបស់ Lamborghini លោក Katia Bassi បាននិយាយថា ៖ “យើងបានសម្រេចថាបោះបង់ចោលកម្មវិធីតាំងបង្ហាញរថយន្ត ដោយសារយើងកាន់តែជឿជាក់ច្បាស់ថា ការមានទំនាក់ទំនងស្និទ្ធស្នាលជាមួយអតិថិជន គឺជារឿងសំខាន់ជាង ហើយកម្មវិធីតាំងបង្ហាញរថយន្តមិនស៊ីនឹងទស្សនវិជ្ជារបស់យើងទៀតនោះទេ។”
ត្បិតថា Lamborghini បោះបង់ចោលកម្មវិធីតាំងបង្ហាញរថយន្តមែន ប៉ុន្តែក្រុមហ៊ុនមិនបោះបង់ចោលទាំងស្រុងនោះឡើយ។ ផ្ទុយទៅវិញ Lamborghini នឹងផ្ដោតលើកម្មវិធីតាំងបង្ហាញរថយន្តដែលមិនមែនជាការតាំងពិព័រណ៍ទាំងស្រុង ដូចជាកម្មវិធី Goodwood Festival of Speed និង Pebble Beach Concours d’Elegance ជាដើម។
Lamborghini ក៏ផ្ដោតលើការបង្កើនភាពស្និទ្ធស្នាលជាមួយអតិថិជន ដូចជាការធ្វើដំណើរកម្សាន្ត និងកម្មវិធីជួបជុំអ្នកបើកបររថយន្ត Lamborghini ជាដើម៕