[ទីផ្សារបរទេស] ក្រុមហ៊ុន Alfa Romeo បានបង្ហាញក្ដីសង្ឃឹមថារថយន្ត SUV ម៉ូដែល Tonale អាចនឹងជួយបង្កើនការលក់បានទ្វេរដងនៅលឿនបំផុតគឺដើមឆ្នាំ២០២៣ខាងមុខ។
ម៉ាករថយន្តអ៉ីតាលីមួយនេះបានធ្លាក់ចុះការលក់នៅមកនៅត្រឹម ៥៥ ០០០គ្រឿង នៅទូទាំងសកលលោកកាលពីឆ្នាំ២០២១ ដែលធ្លាក់ចុះពីចំនួនលក់ ៦៣ ៣០០គ្រឿង កាលពីឆ្នាំ២០២០។ ជាមួយរថយន្ត Tonale នេះ ក្រុមហ៊ុននឹងវាយលុកបន្ថែមទៀតលើផ្នែករថយន្ត SUV ខ្នាតតូចដែលមានចំណែក ២,៥លាន ទៅ ៣លានគ្រឿង ក្នុងចំណោមការលក់ប្រចាំឆ្នាំរបស់ខ្លួន។
លោក Jean-Philippe Imparato នាយកប្រតិបត្តិក្រុមហ៊ុន Alfa Romeo បានបង្ហាញក្ដីរំពឹងថាក្រុមហ៊ុននឹងសប្បាយចិត្តប្រសិនបើអាចលក់រថយន្ត Tonale បាន៣ម៉ឺនគ្រឿងនៅឆ្នាំ២០២២នេះ។ ហើយសម្រាប់ពេញមួយឆ្នាំ ការលក់ជាសកលរបស់ Tonale អាចកើនឡើងដល់ ៧ម៉ឺន ទៅ៨ម៉ឺនគ្រឿង ខណៈដែលអឺរ៉ុបតែឯងអាចមានចំណែក ៤,៥ម៉ឺនគ្រឿង ទៅ៦ម៉ឺនគ្រឿង។
រថយន្ត Tonale នឹងចេញលក់លើទីផ្សារចាប់ពីខែមិថុនា ដោយនៅអឺរ៉ុបនឹងមានផ្ដល់ជូនជាពីរជម្រើស ជាប្រភេទ Hybrid ធម្មតាដែលមួយអាចផលិតកម្លាំងបាន ១២៨សេះ និងមួយទៀតអាចផលិតកម្លាំងបាន ១៥៨សេះ។ រថយន្តនេះក៏មានជាប្រភេទ PHEV ដែលអាចផលិតកម្លាំងបាន ២៧២សេះ ប៉ុន្តែមានលក់តែនៅលើទូផ្សារមួយចំនួនប៉ុណ្ណោះ។
នៅតាមទីផ្សារអឺរ៉ុបមួយចំនួនក៏នឹងមានជាជម្រើសម៉ាស៊ីនម៉ាស៊ូត ចំណុះ១,៦លីត្រ ដែលផលិតកម្លាំងបាន ១២៨សេះ ខណៈដែលនៅអាមេរិកនឹងមានជាជម្រើស Turbocharged ចំណុះ២,០លីត្រ អាចផលិតកម្លាំងបាន ២៥៦សេះ៕