[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត X-Trail ជំនាន់ទីបួននៅក្នុងប្រទេសជប៉ុន។ ដែលមានលក្ខណៈពិសេស ខុសគ្នាពីរថយន្តចំហេះក្នុង Nissan Rogue របស់សហរដ្ឋអាមេរិក និងរថយន្ត X-Trail របស់អូស្រ្តាលី ដោយរថយន្ត SUV របស់ជប៉ុននឹងដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid។
ក្រឡេកទៅមើលការរចនាផ្នែកខាងក្រៅ រថយន្ត Nissan X-Trial ជំនាន់ទី ៤ មើលទៅស្ទើរតែដូចគ្នាទៅនឹង Nissan Rogue ដែលត្រូវបានដាក់បង្ហាញកាលពីចុងឆ្នាំ ២០២០។ ម៉ូដែលនេះ មានចង្កៀងមុខរចនាឲ្យឈ្មោះថា split-headlight, ប៉ាណាមុខបែប V-Motion តុបតែងដោយក្រូម៉េ, កាងការពារស្រោបដោយអាលុយមីញ៉ូម និងជម្រើសពណ៌តួខ្លួន ១២ ពណ៌។
រីឯនៅផ្នែកខាងក្នុងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ បូករួមទាំងអេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០,៨ អ៊ីញ។ លើសពីនេះ ម៉ូដែលនេះមានជម្រើសកៅអី ៥ ដល់ជម្រើសបីជួរដែលមានកៅអីប្រាំពីរផងដែរ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ឧបករណ៍បំពងសំឡេងដ៏ប្រណិតម៉ាក Bose ដែលបានបំពាក់ជាពិសេសសម្រាប់ X-Trail, រន្ធសាកថ្ម AC កម្លាំង ១ ៥០០ វ៉ាត់ និងជម្រើសស្បែកជាច្រើនផងដែរ។
បន្ថែមពីនេះ រថយន្តនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថភាព Nissan Safety Assist 360 ជាមួយនឹងកាំមេរ៉ា រ៉ាដា រួមទាំងប្រព័ន្ធជំនួយការបើកបរ ADAS សម្រាប់មុខងារបើកបរ semi-autonomous ដែលជាផ្នែកមួយនៃ ProPILOT របស់ក្រុមហ៊ុន Nissan ។
រថយន្ត X-Trail បានប្រើប្រាស់ស្ថាបត្យកម្ម CMF-C architecture ដូចគ្នាទៅនឹងរថយន្ត Mitsubishi Outlander និងដំណើរការដោយម៉ាស៊ីនកូនកាត់ ចំណុះ ១,៥ លីត្រ VC-Turbo ទំហំ ៣ ស៊ីឡាំង ជាមួយនឹងប្រព័ន្ធ e-POWER ជំនាន់ទីពីរ។
រថយន្ត Nissan X-Trail ជំនាន់ទី ៤ នេះនឹងមានលក់នៅក្នុងប្រទេសជប៉ុនចាប់ពីថ្ងៃទី ២៥ ខែកក្កដា ជាមួយនឹងតម្លៃចាប់ពី ២៣ ១៥០ ដុល្លារ សម្រាប់ម៉ូដែល “S” hybrid ប៉ុង ១ និងរហូតដល់ ៣២ ៥៥៧ ដុល្លារ សម្រាប់ម៉ូដែលខ្ពស់បំផុត “ G e-4ORCE” hybrid ប៉ុង ២។