Apple និង Hyundai នឹងចុះកិច្ចព្រមព្រៀងផលិតឡានជាមួយគ្នានៅខែមីនា

ការ​ចុះ​ផ្សាយ​របស់ Reuters ដែល​បាន​ដក​ស្រង់​ប្រភព​​ពី​​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង Korea IT News បាន​ឲ្យ​ដឹង​ថា​ Apple និង Hyundai នឹង​ចុះ​កិច្ច​ព្រមព្រៀង​ជា​មួយ​គ្នា​លើ​​ការ​ផលិត​រថយន្ត​អគ្គិសនី​ Apple ដែល​គ្រោង​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ត្រឹម​ខែ​មីនា​ឆ្នាំ ២០២១ នេះ។

Hyundai អាច​នឹង​ផលិត​រថយន្ត​អគ្គិសនី​របស់ Apple នៅ​រោងចក្រ​​ក្នុង​រដ្ឋ Georgia សហរដ្ឋអាមេរិក ដែល​កាន់​កាប់​ដោយ​ក្រុមហ៊ុន Kia Motors ឬ​អាច​នឹង​បណ្ដាក់​ទុន​លើ​ការ​ផលិត​រោងចក្រ​ថ្មី​នៅ​សហរដ្ឋអាមេរិក​ដែល​អាច​ផលិត​រថយន្ត​បាន ៤០ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។ ការ​ចុះ​ផ្សាយ​របស់ Korea IT News បាន​ឲ្យ​ដឹង​ដែរ​ថា​​ប្រភេទ Beta (សាក​ល្បង) នៃ​រថយន្ត​របស់ Apple អាច​នឹង​ចេញ​នៅ​ក្នុង​ឆ្នាំ ២០២២។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Reuters បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មុន​ថា​ការ​ផលិត​រថយន្ត​អគ្គិសនី​របស់ Apple ប្រហែល​ជា​ចាប់​ផ្ដើម​អំឡុង​ឆ្នាំ ២០២៤ ហើយ​ការ​ចុះ​ផ្សាយ​ថ្មី​នេះ​បាន​និយាយ​ម្ដង​ទៀត​អំពី​កាល​បរិច្ឆេទ​ផលិត​នេះ។

គួរ​ដឹង​ថា​ដំណឹង​ចចាមអារ៉ាម​ដែល​ថា Apple កំពុង​ពិភាក្សា​ជា​មួយ Hyundai បាន​លេច​ចេញ​កាល​ពី​សប្ដាហ៍​មុន​ ដែល​​ឲ្យ​​ជា​ដំណឹង​ថា​ Apple គ្រោង​សហការ​ជា​មួយ​ក្រុមហ៊ុន​រថយន្ត ដើម្បី​ផលិត​រថយន្ត​អគ្គិសនី និង​អភិវឌ្ឍន៍​អាគុយ​ ដោយ​សារ​ការ​​សាងសង់​រោងចក្រ និង​ស្រាវជ្រាវ​រក​បច្ចេកវិទ្យា​ថ្មីៗ​ទាំង​ស្រុង​ត្រូវ​ចំណាយ​ថវិកា​ច្រើន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម