កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Audi និងក្រុមហ៊ុន SAIC បានធ្វើការសហការគ្នាប្រកាសចេញនូវ Concept រថយន្ត EV ថ្មីមួយមានឈ្មោះថា AUDI E ដែលបង្កើតឡើងសម្រាប់ទីផ្សារចិនតែមួយគត់ ដែលមានការចនាផ្តោតលើបច្ចេកវិទ្យា និងតម្រូវការរបស់អតិថិជន ហើយគ្រោងប្រកាសចេញជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។
រថយន្ត AUDI E ប្រើប្រាស់នូវថាមពលអគ្គិសនីទាំងស្រុង ពោលគឺប្រើប្រាស់នូវម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៧៦៤ សេះ និងកម្លាំងរមួល ៧៩៩ញ៉ូតុនម៉ែត្រ និងមានកម្លាំងថ្មទំហំធំ ternary lithium 100 kWh អាចបើកបរបានចម្ងាយជាង ៧០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេលម្តង ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០ គ.ម ចំណាយពេល ៣,៦ វិនាទី និងគាំទ្រការសាកល្បឿនលឿនដែលអាចបើកបរបានចម្ងាយ ៣៧០ គ.ម ដោយសាកត្រឹមតែ ១០នាទី ប៉ុណ្ណោះ។
ចំពោះ ការរចនាផ្នែកខាងក្រៅ រថយន្ត AUDI E ត្រូវបានរចនាថ្មី ដោយមិនប្រើនិមិត្តសញ្ញារង្វង់បួនរបស់ក្រុមហ៊ុន AUDI នោះឡើយ ដោយរថយន្តនេះគឺប្រើតែឡូហ្គូលអក្សរ AUDI តែប៉ុណ្ណោះ ជាមួយសម្ភារៈដ៏ទំនើប និងភ្លើងរំលេចឡើងដ៏ទាក់ទាញ។
សម្រាប់ការរចនាផ្នែកខាងក្នុងវិញ មានការរចនាថ្មី ដោយផ្តោយលើផាសុខភាព និងមានបំពាក់ជាមួយអេក្រង់ភ្លោះលាតពេញផ្ទៃតាបឡូដែលមានកម្រិតបង្ហាញ 4K ក៏ដូចជាប្រព័ន្ធបើកបរឆ្លាតវៃ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Audi OS ដែលរួមបញ្ជូលនូវមុខងារវៃឆ្លាត Audi Voice Assistant សម្រាប់សម្គាល់សំឡេងរបស់អ្នកបើកបរ៕