រថយន្ត Audi E-Tron ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងរបស់ក្រុមហ៊ុន ចំពោះស៊េរីឆ្នាំ ២០២១ ដែលលក់លើទីផ្សារអាមេរិកនឹងមានតម្លៃធូរថ្លៃជាងស៊េរីបច្ចុប្បន្នជិត ៩ពាន់ដុល្លារ និងអាចជិះបានឆ្ងាយជាងមុនជិត ២៩គីឡូម៉ែត្រ។
រថយន្ត E-Tron ឆ្នាំ ២០២១ មានតម្លៃចាប់ពី ៦៥ ៩០០ដុល្លារ ប៉ុណ្ណោះ ដែលថយចុះពីតម្លៃស៊េរីឆ្នាំ ២០២០ ដែលលក់ចាប់ពី ៧៤ ៨០០ដុល្លារ។ យ៉ាងណាក្ដីការចុះថ្លៃនេះត្រូវមានការលះបង់ផងដែរ ដោយអំពូលភ្លើង Matrix LED និងប្រព័ន្ធសំឡេង Bang & Olufsen មិនមានសម្រាប់ប្រភេទ Base Option ដូចមុននោះទេ។
គួរដឹងដែរថារថយន្ត E-Tron អាចជិះបានឆ្ងាយជាងមុនក៏ដោយសារក្រុមហ៊ុនបានកែសម្រួលលើចំណុចមួយចំនួន ដូចជាអាចធ្វើឲ្យម៉ូទ័រអគ្គិសនីសម្រាប់កាឡេខាងមុខមិនបាច់ដំណើរការ ពេលដែលប្រព័ន្ធបើកបរមិនត្រូវការវា ដែលអាចសន្សំសំចៃថាមពលបានមួយចំណែក។ បន្ថែមពីនេះរថយន្ត E-Tron ស៊េរីថ្មី មានអាគុយទំហំ ៨៦,៥ kWh ដែលពីមុនមាន ៨៣,៦ kWh៕