ក្រុមហ៊ុន Audi បានបញ្ជាក់អំពីផែនការទៅថ្ងៃអនាគត ដោយគ្រោងនឹងបញ្ចេញរថយន្តប្រើថាមពលអគ្គិសនីចំនួន ៣០ ម៉ូដែលត្រឹមឆ្នាំ ២០២៥ ក្នុងនោះមាន ២០ ម៉ូដែលជាប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ។
គួរដឹងថារថយន្តអគ្គិសនីសុទ្ធទាំង ២០ ម៉ូដែល គឺមានរាប់បញ្ចូលម៉ូដែល e-tron ដែលបានបញ្ចេញលក់កាលពីដើមឆ្នាំនេះ។ បន្ទាប់មកទៀតគឺជាម៉ូដែល e-tron Sportback ដែលនឹងបង្ហាញមុខនៅក្នុងកម្មវិធី Los Angeles Auto Show នាថ្ងៃទី ១៩ វិច្ឆិកា។ នៅឆ្នាំក្រោយ ក្រុមហ៊ុនក៏នឹងបង្ហាញចេញផលិតផលសម្រេចនៃ e-tron GT និង Q4 e-tron ផងដែរ។
ត្បិតថា Audi បានបណ្ដាក់ទុនភាគច្រើនលើការអភិវឌ្ឍរថយន្តអគ្គិសនីសុទ្ធ ប៉ុន្តែក្រុមហ៊ុនក៏នៅបន្តអភិវឌ្ឍរថយន្តប្រើម៉ាស៊ីនធម្មតាដែរ ដោយនឹងមានភ្ជាប់ជាមួយប្រព័ន្ធ Hybrid។ ប្រសិនបើគ្រប់យ៉ាងទៅមុខរលូន រថយន្តមានប្រើថាមពលអគ្គិសនី នឹងមានចំណែក ៤០% នៃចំនួនលក់សរុបត្រឹមឆ្នាំ ២០២៥៕