រូបរាងនៃរថយន្ត Audi A7 L តួវែងថ្មី ត្រូវបានលេចធ្លាយនៅក្នុងប្រទេសចិន ដែលវាជាម៉ូដែល 45 TFSI។
គួរឲ្យដឹងថា រថយន្ត Audi A7 L ឆ្នាំ២០២១ ត្រូវបានបង្ហាញខ្លួនលើកដំបូង ក្នុងកម្មវិធី Shanghai Auto Show កាលពីខែមេសា ហើយត្រូវបានចូលរួមសហការណ៍ផលិតជាមួយក្រុមហ៊ុនចិន SAIC។ វាគឺជាប្រភេទតួវែងនៃម៉ូដែល A7 Sportback ហើយកាលនោះមានលក់ជាម៉ូដែល 55 TFSI ដែលផលិតមានកំណត់ត្រឹម ១ ០០០គ្រឿងប៉ុណ្ណោះ។
ឥឡូវនេះ មកដល់ខែវិច្ឆិកា Audi នឹងបញ្ចេញម៉ូដែលថ្មី គឺ A7 L 45 TFSI ដោយវានឹងប្រើម៉ាស៊ីនតូច ពោលគឺម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៥សេះ ជំនួសឲ្យម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged mild-hybrid ទំហំ ៦ស៊ីឡាំង ដែលមានកម្លាំង ៣៣៥សេះ។
ជាមួយគ្នានេះដែរ ចំពោះម៉ូដែល 45 TFSI នឹងទទួលបានការអាប់ដេតលើការឌីហ្សាញ ដូចជា ប៉ាណាមុខ, រន្ធបឺតខ្យល់ខាងមុខ ក៏ដូចជា ការឌីហ្សាញយ៉ាន់កង់ ជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងឡើយថា រថយន្ត Audi A7 L 45 TFSI នឹងចាប់ផ្តើមចេញលក់នៅពេល ក៏ដូចជាតម្លៃលក់របស់វាប៉ុន្មាន៕