Audi Q5 ឆ្នាំ២០២២ ចេញម៉ូដែលតម្លៃថោកបំផុតថ្មី កម្លាំងដល់ ២០១សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Audi បានប្រកាសចេញម៉ូដែល Q5 ប្រភេទថោកបំផុតថ្មីមួយទៀត ហៅថា Q5 40 TFSI quattro។

រថយន្ត Audi Q5 40 TFSI quattro ឆ្នាំ២០២២ នេះ មានតម្លៃចាប់ពី ៤៣ ៣០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ វាប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharge ទំហំ ៤ស៊ីឡាំង មានកម្លាំង ២០១សេះ និងកម្លាំងរមួល ៣២០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ និងប៉ុងពីរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងម៉ាស៊ីននេះ SUV ខាងលើអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៦,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង។

យ៉ាងណាមិញ Q5 40 TFSI quattro ឆ្នាំ២០២២ មានលក្ខណៈពិសេសមួយចំនួន ដូចជា ចង្កៀង LED, ឃ្លុបក្រោយអូតូ, យ៉ាន់កង់ទំហំ ១៨អ៊ីញ, កៅអីស្បែក មានមុខងារកម្តៅនៅខាងមុខ, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់, អេក្រង់កម្សាន្តទំហំ ១០,‌១អ៊ីញ, កុងទ័រឌីជីថលទំហំ ៧អ៊ីញ និង កញ្ចក់មើលក្រោយស្រទុំអូតូ ជាដើម។

ក្រៅពីនោះវាក៏មានមុខងារជំនួយការបើកបរចំនួន រួមទាំង high beam assist, side assist, active lane assist, parking system plus, កាមេរ៉ាក្រោយ ក៏ដូចជា Pre Sense City, Pre Sense Basic និង Pre Sense Rear ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម