Audi ដាក់ពាក្យប្ដឹងក្រុមហ៊ុនចិន Nio រឿងឡានឈ្មោះស្រដៀងពេក

[ទីផ្សារបរទេស]​ ក្រុមហ៊ុន Audi បានដាក់ពាក្យបណ្ដឹងនៅទីក្រុង Munich ដែលប្ដឹងក្រុមហ៊ុនរថយន្តចិន Nio ដោយ​ចោទ​ប្រកាន់​ថាបានល្មើសកម្មសិទ្ធបញ្ញា ដោយ Audi អះអាងថារថយន្ត Nio ES6 និង ES8 មានឈ្មោះស្រដៀងនឹងរថយន្ត S6 និង S8។

រថយន្ត ES6 និង ES8 គឺជាប្រភេទរថយន្ត SUV អគ្គិសនី ចំណែករថយន្ត S6 និង S8 គឺជាប្រភេទកម្លាំងខ្លាំង​នៃ​រថយន្ត A6 និង A8 ដែលឈ្មោះនេះមានប្រវត្តិប្រើប្រាស់តាំង​ពីទសវត្សឆ្នាំ១៩៩០មកម្ល៉េះ។ ដោយឡែករថយន្ត ES6 និង ES8 ត្រូវក្រុមហ៊ុន Nio ប្រកាសចេញលក់នៅប្រទេសន័រវេសកាលពីឆ្នាំមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា Nio បានដកចេញផ្លាកដែលជាបញ្ហាចេញពីឈ្មោះនោះ ចេញពីរថយន្ត SUV ទាំង​ពីរ ខណៈដែលការលក់រថយន្ត ES6 និង ES8 ដែលនឹងចាប់ផ្ដើមនៅត្រីមាសទីបួន អាចនឹងរងផលប៉ះពាល់​ដោយ​សារ​រឿងក្ដី​មួយនេះ។

ទាក់ទងនឹងរឿងក្ដីនេះដែរ អ្នក​ជំនាញបាន​លើក​ឡើងថា​ការភ័ន្តច្រឡំរវាងឈ្មោះរថយន្ត Nio និងឈ្មោះរថយន្ត Audi គឺ​មាន​កម្រិត​ទាបបំផុត ហេតុនេះ Audi ទំនងជាមិនអាចនឹងទទួលបានជ័យជម្នះលើការប្ដឹងផ្ដល់នេះឡើយ។ បន្ថែមពីនេះចិនជាទីផ្សារធំមួយ​របស់ Audi ហើយរឿងក្ដីនេះ ទំនងជាប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ Audi នៅប្រទេសចិនផងដែរ ប្រសិនបើមិនអាចឈ្នះក្ដី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម