Audi ទម្លាក់ថ្លៃឡានអគ្គិសនី E-Tron ជិត ៩ពាន់ដុល្លារ

រថយន្ត​ Audi E-Tron ដែល​ជា​រថយន្ត​អគ្គិសនី​សុទ្ធ​ដំបូង​របស់​ក្រុមហ៊ុន ​​ចំពោះ​ស៊េរី​ឆ្នាំ ២០២១ ​ដែល​លក់​លើ​ទីផ្សារ​អាមេរិក​នឹង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ស៊េរី​បច្ចុប្បន្ន​ជិត ៩ពាន់​ដុល្លារ និង​អាច​ជិះ​បាន​​ឆ្ងាយ​ជាង​មុន​ជិត ២៩​គីឡូម៉ែត្រ។

រថយន្ត​ E-Tron ឆ្នាំ ២០២១ ​មាន​តម្លៃ​ចាប់​ពី​ ៦៥ ៩០០​ដុល្លារ​ ប៉ុណ្ណោះ ដែល​ថយ​ចុះ​ពី​តម្លៃ​​ស៊េរី​ឆ្នាំ ២០២០ ដែល​លក់​ចាប់​ពី ៧៤ ៨០០​ដុល្លារ។ យ៉ាងណាក្ដី​​​ការ​ចុះ​ថ្លៃ​នេះ​ត្រូវ​មាន​ការ​លះបង់​ផង​ដែរ ដោយ​អំពូល​ភ្លើង Matrix LED និង​ប្រព័ន្ធ​សំឡេង Bang & Olufsen មិន​មាន​សម្រាប់​ប្រភេទ Base Option ដូច​មុន​នោះ​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​គួរ​ដឹង​ដែរ​ថា​រថយន្ត​ E-Tron អាច​ជិះ​បាន​ឆ្ងាយ​ជាង​មុន​ក៏​ដោយ​សារ​ក្រុមហ៊ុន​បាន​កែ​សម្រួល​លើ​ចំណុច​មួយ​ចំនួន ដូច​ជា​អាច​ធ្វើ​ឲ្យ​ម៉ូទ័រ​អគ្គិសនី​​សម្រាប់​កាឡេ​ខាង​មុខ​មិន​បាច់​ដំណើរ​ការ ពេល​ដែល​ប្រព័ន្ធ​បើកបរ​មិន​ត្រូវ​ការ​វា​ ដែល​អាច​សន្សំសំចៃ​ថាមពល​បាន​មួយ​ចំណែក។ បន្ថែម​ពី​នេះ​រថយន្ត E-Tron ស៊េរី​ថ្មី មាន​អាគុយ​ទំហំ ៨៦,៥ kWh ​ដែល​ពី​មុន​មាន​ ៨៣,៦ kWh៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម