Audi នឹងចេញលក់រថយន្ត Plug-in Hybrid ទី៣ របស់ខ្លួននៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ គឺម៉ូដែល A7 55 TFSI e។
រថយន្ត Audi A7 ប្រភេទ Plug-in Hybrid នេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៣៦២សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ S-Tronic និងប៉ុងពីរ quattro AWD។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
ដោយសារតែវាជាប្រភេទ Plug-in Hybrid ដូច្នេះអាគុយកម្លាំង ១៤,១គីឡូវ៉ាត់ម៉ោងដែលបំពាក់លើ A7 នេះ អាចឲ្យវាបើកបរដោយថាមពលអគ្គិសនីសុទ្ធចម្ងាយ ៤០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ ជាមួយនឹងការប្រើម៉ូទ័រអគ្គិសនីផងនោះ រថយន្តនេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹម ១,៩លីត្រ/១០០គីឡូម៉ែត្រ៕