
រថយន្ត Avatr 06 បានដាក់លក់ជាផ្លូវការនៅប្រទេសចិនជាមួយតម្លៃចាប់ពី ២៨ ៧០០ដុល្លារ មានទាំងម៉ូឌែល BEV (ប្រើអគ្គិស័យសុទ្ធ) និង EREV (ប្រើអគ្គិសនីរូួមបញ្ចូលជាមួយម៉ាសុីនសម្រាប់សាកថ្ម)។ Avatr ដែលជាម៉ាករថយន្ត EV លំដាប់ខ្ពស់ដែលបង្កើតឡើងរួមគ្នាដោយក្រុមហ៊ុន Changan, ក្រុមហ៊ុន CATL ជាអ្នកជំនាញផលិតអាគុយឈានមុខគេរបស់ពិភពលោក ដែលមានឯកទេសផ្នែកអាគុយលើឡានអគ្គិសនីនិងក្រុមហ៊ុន Huawei។
រថយន្ដ Avatr 06 ទើបប្រកាសដាក់លក់នៅចិនមាន៥ជម្រើសផ្សេងគ្នា៖
ម៉ូឌែល Pro EREV ដាក់លក់ក្នុងតម្លៃ ២៨ ៧០០ដុល្លារ
ម៉ូឌែល Pro BEV ដាក់លក់ក្នុងតម្លៃ ៣០ ១០០ដុល្លារ
ម៉ូឌែល Max EREV ដាក់លក់ក្នុងតម្លៃ ៣២ ៨០០ដុល្លារ
ម៉ូឌែល Max BEV ដាក់លក់ក្នុងតម្លៃ ៣៤ ២០០ដុល្លារ
ម៉ូឌែល Ultra BEV AWD ដាក់លក់ក្នុងតម្លៃ ៣៨ ៣០០ដុល្លារ
រថយន្ត Avatr 06 ប្រើអគ្គិសនីសុទ្ធ បំពាក់មកជាមួយបច្ចេកវិទ្យាថ្ម Lithium-Iron-Phosphate ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL មានទំហំ ៧២.៨៨ គីឡូវាត់ម៉ោង ។ ម៉ូឌែលនេះទាំងជម្រើសប្រើប្រាស់ម៉ូទ័រអគ្គិសនី១និងម៉ូទ័រអគ្គិសនី២។ Avatr 06 ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតបានកម្លាំង ៣៣៨សេះ និងអាចបើកបរបានចម្ងាយ ៦៥០គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ ចំណែកម៉ូឌែលប្រើប្រាស់ម៉ូទ័រចំនួន២ អាចផលិតកម្លាំងសរុប ៥៩០សេះ អាចបើកបរបានចម្ងាយ 600គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC គាំទ្រការសាកថ្មលឿន 800v សាកថ្ម១០នាទី អាចបើកបាន ៤០០ គីឡូម៉ែត្រ។
រថយន្ត Avatr 06 ម៉ូឌែល EREV (Extended Range Electric Vehicle) មានបំពាក់ម៉ូទ័រអគ្គិសនីខាងក្រោយ អាចផលិតកម្លាំងបាន ៣១០សេះ រួមបញ្ចូលជាមួយម៉ាស៊ីនសាំងចំណុះ ១.៥ Turbo ដើរតួនាទីជាម៉ាសុីនសាកថ្ម (range-extending engine)។ រថយន្ដនេះប្រើប្រាស់អាគុយ LFP ទំហំ ៣១.៧kwh ប្រើអគ្គិសនីសុទ្ធអាចប្រើបានចង្ងាយ ១៧០គីឡូម៉ែត្រ ខណៈប្រើប្រាស់ប្រើប្រាស់សាំងជាម៉ាសុីនសាំង អាចបើកបរបានរហូរចម្ងាយ ១ ១០០គីឡូម៉ែត្រ។
រថយន្ត Avatr 06 មានប្រវែង ៤ ៨៥៥ មីលីម៉ែត្រ ទទឹង ១ ៩៦០ មីលីម៉ែត្រ កម្ពស់ ១ ៤៥០ មីល្លីម៉ែត្រ និងគម្លាតកង់មុខក្រោយប្រវែង ២ ៩៤០ មីល្លីម៉ែត្រ។ បើនិយាយពីការឌីស្សាញរូបរាងរបស់ Avatr 06 គឺមានភាពស្រដៀងៗគ្នាទៅនឹងជំនាន់មុនៗរបស់ Avatr អញ្ចឹង ដោយអំពូលភ្លើងខាងមុខជាប្រភេទ LED ដែលរត់ជាបន្ទាប់ឆ្នូត មានដៃទ្វាររាបស្មើ រួមជាមួយការបំពាក់កាមេរ៉ាធ្វើជាកញ្ចក់មើលចំហៀង និងកញ្ចក់មើលក្រោយបែបឌីជីថល។
ចំពោះផ្នែកខាងក្នុងនៃរថយន្ត Avatr 06 វិញ គឺមានអេក្រង់ទំហំ 35.4 អុីញ នៅចំកណ្តាលសម្រាប់បញ្ជាទៅលើមុខងារនានា ដែលមាននៅលើរថយន្តនេះ ខណៈដែលអេក្រង់មួយទៀតមានទំហំ 15.6 អុីញ សម្រាប់មើលទៅលើការជូនដំណឹងផ្សេងៗសម្រាប់អ្នកបើកបរ។ Avatr 06 ក៏បំពាក់មកជាមួយឧបករណ៍បំពងសម្លេងម៉ាក់ Meridian ចំនួន ២៥គ្រាប់ ហើយនិងស្បែកពូក Nappa ។ រថយន្ដនេះក៏បំពាក់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរទំនើបរួមមាន Lidar ១៩២ខ្សែ និងឧបករណ៍ចាប់សញា្ញចំនួន ២៧គ្រាប់ ដំណើរការដោយប្រព័ន្ធបើកបរ ADS 3.0 របស់ក្រុមហ៊ុន Huawei៕