ក្រុមហ៊ុនផលិតរថយន្ត BMW បានប្រកាសចាប់ផ្តើមការផលិតវ៉ារ្យ៉ង់តួវែងរបស់រថយន្ត BMW X3 នៅក្នុងប្រទេសចិនជាផ្លូវការហើយ ដោយវាមានប្រវែង ៩០ ម.ម វែងជាង X3 ស្តង់ដាររបស់ទីផ្សារពិភពលោក ហើយគ្រោងនឹងចាប់ផ្តើមលក់នៅក្នុងត្រីមាសទី ១ ក្នុងឆ្នាំ២០២៥ នេះ។
ចំពោះរថយន្តនេះ នឹងបង្កើតឡើងនៅក្នុងរោងចក្រ Tiexi ក្នុងទីក្រុង Shenyang របស់ BMW-Brilliance Joint Venture មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម ទទឹង ១ ៩២០ ម.ម កម្ពស់ ១ ៦៦៤ និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៧៥ ម.ម 4 ធំជាងវ៉ារ្យ៉ង់ស្តង់ដាររបស់ X3 ពោលគឺមានប្រវែងស្មើនឹង BMW X5។
ទាក់ទងនឹងផ្នែកម៉ាសុីន BMW X3 ដំណើរការដោយម៉ាស៊ីន ២,០ លីត្រ turbocharged អាចផលិតកម្លាំងបាន ២៨៣ សេះ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិចំនួន ៨ វគ្គ។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយភាសារចនាចុងក្រោយបង្អស់របស់ BMW ពោលគឺមានផ្នែកខាងមុខធំ និងភ្លឺចែងចាំង អមជាមួយទ្វារដៃប្រភេទ flush door handles និងដំបូលប្រភេទ slanted roofline និងប្រើប្រាស់នូវចង្កៀងក្រោយរាងអក្សរ X ។ ចំណែកផ្នែកខាងក្នុងវិញ រថយន្តនេះ ទទួលបានអេក្រង់កោងទំហំ ១៤,៩ អ៊ីញ និងភ្លើងលម្អដ៏ទំនើប៕