BMW កំពុងតែត្រៀមខ្លួនផលិតរថយន្ត iX3 ឆ្នាំ ២០២១ ដែលជាប្រភេទប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ នៅរោងចក្រ BMW Brilliance Automotive Dadong ក្នុងប្រទេសចិន ហើយគ្រោងនឹងបញ្ចេញលក់លើទីផ្សារចាប់ពីចុងឆ្នាំ ២០២០ នេះ ដូចដែលបានគ្រោងទុកកន្លងមក។
ក្រុមហ៊ុនបានសម្រេចជោគជ័យលើការសាកល្បង iX3 ឆ្នាំ ២០២១ ដែលការសាកល្បងគឺសម្រេចរួចរាល់ដំណាលគ្នាទាំងសម្រាប់ទីផ្សារប្រទេសចិន និងអឺរ៉ុប។ ដំណើរការនៃការសាកល្បងគឺប្រើប្រាស់ពេលវេលាជាង ៣៤០ម៉ោង ដែលរួមមានការបើកបរសាកល្បងចម្ងាយ ៧៧០០ គ.ម ផងដែរ។
BMW និយាយថា iX3 ឆ្នាំ ២០២១ នឹងអាចទ្រាំទ្រការជិះចម្ងាយប្រមាណ ៤៤០ គ.ម សម្រាប់ការសាកពេញម្ដងៗ ដោយផ្អែកតាមទិន្នន័យពីការធ្វើតេស្តរបស់ European WLTP។ រថយន្តនេះប្រើប្រាស់អាគុយទំហំ ៧៤ គីឡូវ៉ាត់ម៉ោង ដែលមានម៉ូទ័រអគ្គិសនីបំពាក់លើកាឡេក្រោយ អាចផលិតកម្លាំងបាន ២៨២សេះ៕