មកដឹងពីចំណុចទាក់ទាញជាច្រើននៃរថយន្ត e2 អគ្គិសនីសុទ្ធ 100% ដែលនឹងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ…

ក្រុមហ៊ុន BYD ប្រចាំប្រទេសកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទ្ធចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយ នៅប្រទេសចិន ក្រោយទទួលបានការចាប់អារម្មណ៌ ក៏ដូចជាការគាំទ្រពីសំណាក់អតិថិជនរបស់ខ្លួន ជាមួយរថយន្តប្រភេទម៉ាស៊ីនសាំង F3, Song Pro, Song Max, Tang ពេលនេះបានចាប់ផ្តើមនាំចូលរថយន្តប្រភេទ អគ្គិសនីសុទ្ធ ១០០% គឺ​រថយន្ត BYD e2 ។

BYD e2 គឺជារថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីខ្នាតតូច ត្រូវបានរចនាយ៉ាងទាក់ទាញ ដោយកំពូលអ្នកឌីស្សាញរថយន្តដ៏ល្បីគឺលោក Juanma Lopez ដែលធ្លាប់ឌីហ្សាញរថយន្តល្បីៗ ដូចជា Lamborghini, Mercedes-Benz និង Ferrari ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះបានផ្តល់ឲ្យបាននូវបទពិសោធន៍បើកបរដ៏អស្ចារ្យ ជាមួយនឹងទម្ងន់ខ្លួនស្រាលគឺត្រឹមតែ ១ ២៥០គីឡូក្រាមប៉ុណ្ណោះ ហើយថែមទាំងមានការឌីហ្សាញរាងបែបឈរជើង និងដំបូលទាប។ រថយន្ត BYD e2 មានប្រវែងសរុប ៤ ២៤០មីល្លីម៉ែត្រ, ទទឹង ១ ៧៦០មីល្លីម៉ែត្រ និង កម្ពស់ ១ ៥៣០មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៦១០មីល្លីម៉ែត្រ។ ទោះបីជាមើលពីក្រៅ ឃើញថាវាមានរូបរាងតូច ប៉ុន្តែ SUV មួយនេះមានកាប៊ីនខាងក្នុងធំទូលាយ ហើយអាចផ្ទុកអីវ៉ាន់បានដល់ ៣៦០លីត្រសម្រាប់ឃ្លុបខាងក្រោយ។ ជាមួយគ្នានេះដែរ វាក៏មានបំពាក់កុងទ័រប្រភេទឌីជីថល ដែលបង្ហាញនូវព័ត៌មានជាច្រើនយ៉ាងច្បាស់ និងងាយស្រួលមើល គួបផ្សំនឹងអេក្រង់កម្សាន្តធំ ទំហំដល់ ១០,១អ៊ីញទៀតផង។ ក្នុងនោះអ្នកបើកបរក៏អាចជ្រើសរើសមុខងារបើកបរ ដូចជា Sport Mode, Snow Mode និង Eco Mode ផងដែរ។

រថយន្តអគ្គិសនី BYD e2 នេះមានជម្រើស ២ ប្រភេទ គឺប្រភេទប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៣៥,២គីឡូវ៉ាត់ម៉ោង ដែលអនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ៣០៥គីឡូម៉ែត្រ និងប្រភេទ ៤៧,៣គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ៤០៥គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។ អ្វីដែលរឹតតែពិសេសនោះគឺ អាចគាំទ្រនូវមុខងារសាកភ្លើងលឿន ដោយចាប់ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។

រថយន្តនេះក៏បានបំពាក់ជាមួយនូវប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា ហ្រ្វាំង ABS, ហ្វ្រាំង Electronic Brakeforce Distribution, មុខងារជំនួយពេលឡើងចំណោត Hill-Hold Control, មុខងារទប់លំនឹង Traction Control System, ប្រព័ន្ធហ្វ្រាំងជំនួយ Hydraulic Brake Assist System, មុខងារទប់លំនឹង Vehicle Dynamic Control និង ហ្វ្រាំងដៃអូតូ Auto Hold ផងដែរ។ យើងនឹងរង់ចាំមើលលក្ខណៈពិសេស លម្អិតនៅពេលរថយន្តនេះមានវត្តមានផ្លូវការនៅកម្ពុជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម