ពេលដែលបង្ហាញចេញរថយន្ត BMW i8 Ultimate Sophisto កាលពីដើមខែកញ្ញា ឆ្នាំ ២០១៩ ក្រុមហ៊ុន BMW បានប្រកាសអំពីផែនការបញ្ឈប់ការផលិតរថយន្តស្ព័រដែលសាកភ្លើងបានមួយនេះ។
កន្លងមក BMW មិនធ្លាប់បានបង្ហាញកាលបរិច្ឆេទច្បាស់លាស់នោះទេ ប៉ុន្តែបើតាមការចុះផ្សាយរបស់វិបសាយ Autocar កាលពីដើមឆ្នាំបានប្រាប់ថារថយន្ត i8 អាចនឹងបញ្ឈប់ការផលិតនៅខែមេសា។ ពេលនេះដែរ BMW ក៏បានធ្វើការប្រកាសជាផ្លូវការ ការផលិតរថយន្ត i8 នឹងបញ្ចប់នៅពាក់កណ្ដាលខែមេសា។
រថយន្ត i8 បានប្រកាសចេញកាលពី ៦ ឆ្នាំមុន ដោយនៅខែធ្នូឆ្នាំ ២០១៩ រថយន្តនេះមានចំនួនផលិតដល់ ២ ម៉ឺនគ្រឿង ដែលរថយន្តទី ២ ម៉ឺន គឺរំកិលចេញពីរោងចក្រដំឡើងនៅ Leipzig ប្រទេសអាល្លឺម៉ង់។ តួលេខនេះអាចឲ្យ BMW អះអាងថា i8 គឺជារថយន្តស្ព័រសាកភ្លើងបាន ដែលលក់ដាច់បានច្រើនជាងគេបំផុត៕