ក្រោយពី BMW បានបញ្ជាក់អំពីការបន្ថែមប្រភេទអគ្គិសនីសុទ្ធលើរថយន្ត 7-Series ជំនាន់បន្ទាប់រួចមក ចចាមអារ៉ាមនិងការចុះផ្សាយអំពីរថយន្តបានចាប់ផ្ដើមលេចចេញឡើង។
ការចុះផ្សាយចុងក្រោយមួយពី BMWBlog បានឲ្យដឹងថា 7-Series ដែលប្រើថាមពលអគ្គិសនីសុទ្ធគឺមានមិនតិចជាង ៣ ប្រភេទនោះទេ។ ប្រភេទកប់ជាងគេគឺជឿជាក់ថាជា i7 M60 ដែលគេជឿថាមកជំនួសប្រភេទ M760Li Xdrive ដែលប្រើម៉ាស៊ីន ៦,៦ លីត្រ V12 កម្លាំង ៥៧៧ សេះ។
រថយន្ត 7-Series ប្រភេទអគ្គិសនីស៊េរីកប់ប្រហែលជាអាចបំពាក់ម៉ូទ័រអគ្គិសនីយ៉ាងហោចណាស់ពីរ ដែលអាចបង្កើតកម្លាំងបានសរុបជាង ៦៥០ សេះ។ ជាមួយអាគុយដែលលេចឮថាមានចំណុះជាង ១០០ គីឡូវ៉ាត់ម៉ោង ពេលសាកភ្លើងម្ដងគឺអាចជិះដល់ចម្ងាយជាង ៦៥០ គីឡូម៉ែត្រ។ ចំណែកពីរប្រភេទទៀតអាចមានឈ្មោះ i7 40 និង i7 50 ដែលមានកម្លាំងចន្លោះ ៣៥០ សេះ ទៅ ៤៥០ សេះ។
កាលបរិច្ឆេទប្រកាសចេញនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែទំនងជាត្រូវរង់ចាំប្រហែល ១ ទៅ ២ ឆ្នាំទៀត ទើបបានឃើញរថយន្ត BMW 7-Series ជំនាន់ថ្មី៕