[ទីផ្សារបរទេស] ក្រុមហ៊ុន Bentley, Aston Martin និង Rolls-Royce ជាដើម សុទ្ធតែបានងាកមកផ្ដោតលើរថយន្តតួខ្ពស់ SUV ក្នុងពេលប៉ុន្មានចុងក្រោយនេះ ហើយ Ferrari នឹងជាម៉ាករថយន្តប្រណីតបន្ទាប់ដែលចូលរួមលក់រថយន្ត SUV ជាមួយរថយន្ត Purosangue ដែលប្រកាសចេញសប្ដាហ៍ក្រោយនេះ។
ទោះជាមានចចាមអារ៉ាមថា Bugatti គ្រោងប្រកាសចេញរថយន្ត SUV ប៉ុន្តែវានឹងមិនអាចចេញជារូបរាងឡើយ បើលមើលទៅរយៈពេល១០ឆ្នាំខាងមុខទៀត។ លោក Mate Rimac នាយកប្រតិបត្តិក្រុមហ៊ុន បានបង្ហាញក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដីអាល្លឺម៉ង់ Autobmobilwoche ថារថយន្ត Bugatti SUV មិនជាចំណែកនៃផែនការរយៈពេល១០ឆ្នាំរបស់ក្រុមហ៊ុនឡើយ។
បន្ថែមពីនេះទៀត រថយន្តអគ្គិសនីសុទ្ធក៏នឹងមិនលេចចេញរូបរាងក្នុងអំឡុងពេល១០ឆ្នាំខាងមុខទៀតនេះដែរ ដែលនេះគឺជារឿងដ៏ភ្ញាក់ផ្អើលមួយ ព្រោះថាក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន នឹងមានរថយន្តអគ្គិសនីលក់នៅត្រឹមឆ្នាំ២០៣២ខាងមុខ ហើយក្រុមហ៊ុនខ្លះក៏គ្រោងបញ្ឈប់ការលក់រថយន្តម៉ាស៊ីនពីស្តុងផងដែរ។
ទោះជាមិនមានផលិតរថយន្តអគ្គិសនីសុទ្ធ ប៉ុន្តែ Bugatti មិនអាចមិនអើពើនឹងថាមពលអគ្គិសនីបានឡើយ ដោយក្រុមហ៊ុនបានសម្រេចឈប់ផលិតម៉ាស៊ីន W16 ជាមួយការប្រកាសចេញរថយន្ត Mistral ហើយរថយន្តជំនាន់ថ្មីរបស់ Bugatti នឹងប្រើប្រាស់ម៉ាស៊ីន Hybrid ជំនួសវិញ។
ក្នុងកិច្ចសម្ភាសន៍ដដែល លោក Mate Rimac បាននិយាយថាគោលដៅសំខាន់មួយរបស់ក្រុមហ៊ុនគឺចង់បង្កើនចម្ងាយបើកបរដោយប្រើថាមពលអគ្គិសនីលើប្រព័ន្ធម៉ាស៊ីន Hybrid ដោយចង់សម្រេចឲ្យបានចម្ងាយយ៉ាងតិច ៥០គីឡូម៉ែត្រ។ ដូចនេះអ្នកប្រើរថយន្ត Bugatti អាចបើករថយន្តក្នុងក្រុងដោយមិនបាច់ប្រើម៉ាស៊ីនពីស្តុងបាន៕